កាល​ពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះ​មេដាយ​មាស នៃពាន​រង្វាន់ឌីជីថល​អាស៊ាន​ឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលរៀប​ចំនៅ​ប្រទេស​សិង្ហបុរី ក្រោមក្របខណ្ឌ កិច្ច​ប្រជុំ​រដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4t ASEAN Digital Ministers’ Meeting) ដោយ​មាន​ការ​ចូល​រួមពី រដ្ឋមន្ត្រីឌីជីថលអាស៊ាន ប្រទេស​ទីម័រ​ខាង​កើត និង​ដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌ សហរដ្ឋអាម៉េរិក និង​សហភាព​ទូរគមនាគមន៍​អន្តជាតិ។

ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេស​សមាជិក​អាស៊ានទាំង ១០​បានសម្រិត សម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន១២៥ មកដាក់ ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាល​ផ្ទៀងផ្ទាត់​ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាព​តំណាង​របស់​កម្ពុជា​ដែល​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រនេះ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយ ទាំងអស់ “ថ្នាល​ផ្ទៀងផ្ទាត់ឯក​សារ​របស់​រាជរដ្ឋា​ភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើ​ផ្នែក​ដំណោះ​ស្រាយ ឌីជីថល​ក្នុងការ​ផ្តល់​សេវា​សាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ជាប្រធាន គណៈ កម្មា​ធិការ​រដ្ឋាភិបាលឌីជីថល បានថ្លែងដោយមោទនភាពថា៖ នេះជាលើកទី១ ដែល កម្ពុជា បាន ឈ្នះ​មេដាយ​មាស​លើផ្នែកដំណោះស្រាយឌីជីថលក្នុងការ ផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយ​ជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការ ខិត​ខំបង្កើត​ដំណោះ​ស្រាយ​ឌីជីថល​របស់ ក.ប.ទ. និង គ.រ.ឧ. ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែល សមិទ្ធ​ផល​នេះ​មានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ដំណោះ ស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ជោគជ័យនេះបង្ហាញឱ្យ កាន់តែច្បាស់ថា៖ “ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់ នៅ​ក្នុង​កម្ពុជា​ទេ ថែម​ទាំង​អាច​ប្រើ​ប្រាស់​ជាថ្នាល​ផ្ទៀង​ផ្ទាត់​ឯក​សាររួម​របស់​ប្រទេស​សមា​ជិក​អាស៊ាន ដើម្បី​ផ្ទៀងផ្ទាត់ ភាព​ត្រឹម​ត្រូវ​នៃ​ឯក​សារ​ពាណិជ្ជកម្ម​និង​ឯកសារផ្លូវ​ការ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​ដោយ​មិន​តម្រូវឱ្យមានឯកសារ ច្បាប់ដើម ឬការ​ធ្វើ​នីត្យានុកូល​កម្ម​លើ​ឯក​សារ​ថត​ចម្លង​ក្នុង​ទម្រង់​ជា​ក្រដាស​ឡើយ។

តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេស សមាជិកអាស៊ាននឹង​សម្រេចបានគោល​ដៅរួមក្នុងការ​ទាញ​យក​សក្តានុពល​ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ហើយ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ។

គួរបញ្ជាក់ថា ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា៦ផ្នែក មានដូចជា៖

១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ
២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន
៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល
៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល
៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល
និង៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។

ក្នុងនោះ ការប្រកួតប្រជែងពានរង្វាន់​ឌីជីថលអាស៊ានផ្នែកដំណោះស្រាយឌីជីថលក្នុងការ​ផ្តល់​សេវា​សាធារ​ណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤ នេះ “ប្រព័ន្ធសុខាភិបាលឌីជីថល” របស់​ព្រះរាជា​ណា​ចក្រ​ថៃ​ទទួលបានមេដាយប្រាក់ ហើយ “ប្រព័ន្ធសំបុត្រកំណើត និងសំបុត្រមរណភាព” របស់​ប្រទេស​សិង្ហបុរី​ទទួលបានមេដាយសំរឹទ្ធ៕

Share.