ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់។

តាមការបង្ហោះនៅលើបណ្តាញសង្គមរបស់ស្រ្តី ឈ្មោះ គង់ ម៉ូលីកា បានរៀបរាប់យ៉ាងដូច្នះថា នាងខ្ញុំឈ្មោះ ម៉ូលីកាសូមប្តឹងទៅលោកពូ ៗ មេ ប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ ម្សិលមិញថ្ងៃព្រហស្បត៍ ទី ១ ខែ កុម្ភះ ឆ្នាំ ២០២៤វេលាម៉ោង 2:00pmរសៀលនាងខ្ញុំបានចេញពីរផ្ទះនៅស្ទឹងមានជ័យដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយ ថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ញុំាអត់ទៀងទាត់ក៏បានធ្វើទុក្ខគាត់ខ្លាំង។

លុះមកដល់ចំណុង ស្តុបក្តាន់ នៅវេលាម៉ោង 2:53pmរសៀល នាងខ្ញុំឃើញស្តប់ពណ៌លោតហើយ ឡានខ្ញុំជ្រុង ក៏បានឈប់ គោរពច្បាប់មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស សរ ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៅមុខទៀតឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីសគ្នា៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់តើខ្ញុំខុសអី? គាត់ថា មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ
នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហែងចុះសិនបើគាត់ដកចង្ការមាន់ចាំអាញហៅឡានពេទ្យដឹងទៅពេទ្យ។

ពេលខ្ញុំទៅជួបពូប៉ូលីសម្នាក់ទៀតនៅអង្គុយក្បែរម៉ូតូ គាត់សុំត្រួតពិនិ្យប័ណ្ណបើកបរ ពេលនោះខ្ញុំឱ្យគាត់មើលហើយគាត់ថា ចុះឯណា វិញ្ញាប័ត្រ ឆៀក និង កាតគ្រី គាត់ថាឡានមីអូនឯងផុតឆៀកហើយ ចឹងមាត្រ ៨០ គេពិន័យ ឆៀក២០មុឺនមួយទៀត ឈប់លើគំនូស15 មុឺន ទៀតខ្ញុំថាពូ ខ្ញុំសុំជូនពូ 20 $ ទៅបានហើយ ព្រោះប្រញាប់ម្តាយទៅពេទ្យ គាត់បើប្រញាប់ បង់ គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃអោយ សល់២៥ មុឺនរៀល។

ចុងក្រោយគាត់ថាបើអត់លុយយកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរខណ្ណ នៅឯណាគាត់ថានៅដូនពេញ
ខ្ញុំថាឥឡូវពូយកន្មានតែមានតែគង់ 17មុឺន រៀលទេ គាត់ ថាទៅជួបមេគាត់ដែលពាក់ សុីវិលទៅ
ពេលទៅជួប បងជនសុីវិលនោះគាត់គាត់បាញ់ ABA មក ហើយយក20$ ទៅឱ្យកូនចៅគាត់មិញទៅ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ នាងខ្ញុំសួរ គាត់ថា ចុះឯណាប័ណ្ណផាកគាត់ថាបើចង់បានយកឡានទៅខណ្ឌសិន រឺ យកទៅ ក្រោយវាំងហើយជនសុីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយសុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡាបផង។

ក្រោយពីឃើញការបង្ហោះរបស់ម្ចាស់អាខោន គង់ ម៉ូលីកាហើយនោះ នៅថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរនៅលើផេករបស់លោក ដោយបានរៀបរាប់ថា ៖ សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អាន ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី!តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានីជួបពូដើម្បីសហការណ៍និងដាក់ពាក្យបណ្ដឹងមក!

ពូនឹងរកយុត្តិធម៌ជូនក្មួយស្រី!ដូច្នេះពូសង្ឃឹមថាក្មួយនិងមកសហការណ៍ជាមួយពូដើម្បីរកយុត្តិធម៌ដល់ក្មួយជាមិនខាន!ព្រោះពូ ស្រាវជ្រាវបានមួយជំហ៊ានហើយ!ពូ(សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយមានឈ្មោះ ម៉ូលីកាពិតប្រាកដ)! តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេពូក៏ធ្វើការងារនេះបន្តជូនដល់មហាជនទូទាំងប្រទេសដើម្បីជ្រាបជាការពិតដែរ។

ជុំវិញការចោទប្រកាន់នេះ ស្នងការនគរបាលរាជធានីភ្នំពេញ សូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន។ ដោយលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន។ ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញបានកោះហៅចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចហើយ៕

អត្ថបទ៖ សង្គម

Share.