តារា​ចម្រៀង​រូប​សង្ហា​អតីត​តារា​ចម្រៀង​-តារា​សម្ដែង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ និង​​រស្មី​ហង្សមាស​ ដួង​ វីរៈ​សិទ្ធ​ ថ្មី​ត្បិត​តែ​បាន​ចាកចេញ​ពី​ទ្រនំ​ចាស់​ ទៅ​ជ្រក​ក្រោម​ទ្រនំ​ថ្មី​ផលិតកម្ម​រាម​ក៏​ពិត​មែន​ ប៉ុន្តែ​ស្នាដៃ​របស់​លោក​មួយ​ចំនួន​នៅមាន​បញ្ចាំង​និង​ត្រៀម​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​នៅ​ឡើយ​។

លោក​ ដួង​ វីរៈសិទ្ធ​ បុរស​វ័យ​ក្មេង​សំឡេង​ផ្អែម​ស្រទន់​រណ្ដំ​ដួង​ចិត្ត​ថ្វី​ត្បិត​តែ​ពេល​នេះ​បាន​រួម​ជា​សមាជិក​ក្នុង​ផលិតកម្ម​រាម​ក៏​ពិត​មែន​ ប៉ុន្តែ​ស្នាដៃ​របស់​លោក​មួយ​ចំនួន​នៅ​តែ​មាន​បញ្ចាំង​នៅ​លើ​កញ្ចាំង​ទូរទស្សន៍​ហង្សមាស​សម្រាប់​ហ្វេន​ដែល​និយម​គាំទ្រ​លោក​បាន​ទស្សនា​ ដូច​ជា​​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ​រឿង​ភាគ​ «សុំទោស​ លាហើយ​ស្នេហា​» រឿង​ភាគ​មនោសញ្ចេតនា​ស្នេហា​កម្សត់​ ដែល​លោក​បាន​ចាប់​ដៃ​គូ​សម្ដែង​ជា​តួអង្គ​ឯក​ជាមួយ​នឹង​តារា​ស្រី​ កញ្ញា ​ប៉ាច​ គីមមួយ​ កំពុង​តែ​ទទួល​បាន​នូវ​ប្រជាប្រិយភាព​យ៉ោង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ពិសេស​អ្នក​ដែល​និយម​ទស្សនា​រឿង​ភាគ​ខ្មែរ​ផ្ទាល់​តែ​ម្ដង​។

​មុន​នេះ​ដួង​ វីរៈ​សិទ្ធ​ ក៏​ធ្លាប់​ទទួល​បាន​នូវ​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ទស្សនា​ចំពោះ​សមត្ថភាព​សម្ដែង​របស់​លោក​ដែល​ធ្វើ​បាន​ល្អ​មិន​ចាញ់​ច្រៀង​តាមរយៈ​ការ​សម្ដែង​រឿង​ភាគ​ «ម្ដាយ​ក្មេក​ចេញ​ពី​ព្រះច័ន្ទ​» ដែល​រឿង​នេះ​លោក​បាន​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​កញ្ញា​ រ៉េត ហ្សូសាណា​។​

គួរ​ដឹង​ដែរ​ថា​លោក​ ដួង​ វីរៈ​សិទ្ធ​ គឺ​ជា​តារា​ចម្រៀង​ដែល​មាន​ភាព​ជោគជ័យ​ខ្លាំង​មួយ​ក្នុង​អាជីព​ជា​ពិសេស​បទ​ចម្រៀង​ថ្មីៗ​ដែល​លោក​បាន​ចេញនៅ​លើ​ឆាណែល​យូធូប​របស់​ផលិតកម្ម​រាម​ បាន​ទទួល​ការ​គាំទ្រ​និង​មាន​ចំនួន​ទស្សនា​ខ្ទង់​លាន​ដង​មាន​មិន​តិច​បទ​នោះ​ទេ​ដូច​ជា​បទ​ «ឆ្នេរ​អនុស្សា​» «សន្យា»​ និង​បទ​ «វិបត្តិ​ស្នេហ៍» ជា​ដើម​៕​

Telegram-Troryorng
Share.