ក្មេងទំនើងជាស្ត្រី៨នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណៈម្នាក់ទៀតបានគេចខ្លួនបាត់ក្រោយជិះម៉ូតូប្រដេញនិងវាយគ្នាតាមផ្លូវនៅម្តុំស្ពានព្រែកតាមាក់ក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពួកគេទាំង៩នាក់នៅផ្ទះជួល ភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាលនិង មានមុខរបរជាអ្នកបម្រើការងារនៅហាងខារ៉ាអូខេមួយកន្លែងនៅក្នុងខេត្តកណ្តាល។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

+ម៉ូតូចំនួន ០២គ្រឿង

១.ម៉ាក Honda Dream C125 ០១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-6544 ។

២.ម៉ាក Honda Dream C125 ០១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្ដាល 1AM-6598 ។

+ទូរស័ព្ទដៃចំនួន ០៣គ្រឿង

១.ទូរស័ព្ទម៉ាក IPhone 6Plus ០១គ្រឿង។

២.ទូរស័ព្ទម៉ាក IPhone Xmax ០១គ្រឿង។

៣.ទូរស័ព្ទម៉ាក IPhone 11Pro Max ០១គ្រឿង។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា      កាលពីដើមខែកុម្ភៈ មិនចាំថ្ងៃ ជនសង្ស័យឈ្មោះ មួង ម៉ាណា និងឈ្មោះ ហួត ស្រីពេជ្យ បានទាស់ពាក្យសម្ដីជាមួយជនរងគ្រោះតាមឆាត (Facebook) រឿងជនរងគ្រោះជំពាក់លុយ ដោយជនរងគ្រោះបានជេរជនសង្ស័យនូវពាក្យអសុរោះមួយចំនួន ហើយជនរងគ្រោះក៏បានណាត់ជួបវាយគ្នាជាមួយជនសង្ស័យឈ្មោះ អាន រក្សា ដោយមានរបួសបន្តិចបន្តួចទាំងសងខាង តែអ្នកទាំងពីរ មិនបានប្ដឹងសមត្ថកិច្ចទេ។

 លុះនៅថ្ងៃទី០៥.០២.២០២៤ ជនរងគ្រោះបានឆាតមកអាខោន (Facebook) របស់ជនសង្ស័យឈ្មោះ អាន រក្សា ជេរពាក្យមិនសមគួរ ក្នុងនោះជនសង្ស័យឈ្មោះ កែវ កនិកា បានចូលស្ដាប់ក៏បានតបតទៅជនរងគ្រោះវិញ រួចក៏បានទាស់ទែងពាក្យសម្ដីគ្នារហូតឈានដល់ការណាត់ជនសង្ស័យវាយគ្នា។ រហូតដល់ថ្ងៃទី០៧.០២.២០២៤ វេលាម៉ោង១២:០០នាទី ក្រុមជនសង្ស័យកំពុងនៅក្នុងបន្ទប់ជាមួយគ្នា ពេលនោះជនរងគ្រោះឈ្មោះ ចាប លីហួង បានឆាតទៅក្រុមជនសង្ស័យ ដោយណាត់ក្រុមជនសង្ស័យវាយគ្នានៅស្ពានព្រែកតាមាក់ត្រើយខាងកើត បន្ទាប់មកក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូចំនួន០៥គ្រឿង មកតាមការណាត់របស់ជនរងគ្រោះ។ ពេលមកដល់អត់ឃើញជនរងគ្រោះ ក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូមកលេងនៅមាត់ទន្លេ មុខវត្តព្រែកអញ្ចាញ ហើយក៏បានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង មានគ្នាចំនួន០៣នាក់ ដោយជិះពីត្បូងទៅជើង។ ភ្លាមនោះក្រុមជនសង្ស័យក៏នាំជិះម៉ូតូតាមដោយស្រែកឱ្យជនរងគ្រោះឈប់ តែជនរងគ្រោះមិនឈប់ហើយក៏ទាស់ពាក្យសម្ដីជេរគ្នារហូតដល់ចំណុចឡើងស្ពានព្រែកតាមាក់ ពេលនោះជនសង្ស័យឈ្មោះ ហុំ លីឌី ក៏បានយកស្បែកជើងទៅវាយជនរងគ្រោះពីក្រោយនិងយកស្បែកជើងគប់ទៅលើជនរងគ្រោះថែមទៀត។ ចំណែកជនសង្ស័យឈ្មោះ កែវ កនិកា បានជិះម៉ូតូមកទន្ទឹមនឹងម៉ូតូរបស់ជនរងគ្រោះនិងបានធាក់ម៉ូតូរបស់ជនរងគ្រោះតែមិនបណ្ដាលឱ្យដួល ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូឡើងស្ពានព្រែកតាមាក់ចូលទៅការ៉ាស់សាំងដើម្បីឱ្យគេជួយ។ ឃើញដូច្នេះក្រុមជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកផ្ទះជួលរបស់ខ្លួនវិញ។ ក្នុងសកម្មភាពនោះដែរជនសង្ស័យឈ្មោះ ហួត ស្រីពេជ្រ បានយកទូរស័ព្ទថត វីដេអូសកម្មភាពពេលដែលប្រើអំពើហិង្សានោះ នឹងបានផ្ញើវីដេអូនោះចូលអាខោន របស់ជនរងគ្រោះ។  

លុះនៅថ្ងៃទី០៨.០២.២០២៤ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបារដ្ឋបាលព្រែកអញ្ចាញ។ ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយផ្នែកជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៨នាក់ បានសារភាពថា៖ ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពូលដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.