ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ព្យាយាមរត់គេច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូលប្រដេញតាមស្ទាក់ចាប់ខ្លួនបាន កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខក្រុមហ៊ុនវាលស៊ុន ស្ថិតនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ដេញតាមចាប់បាននៅផ្លូវលំ ប្រឡាយតាហោ មុខវត្តព្រៃឫស្សី ភូមិព្រៃរមាស២ សង្កាត់បឹងធំ ខណ្ឌកំបូល ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ជាតិ ចាន់ប្រាថ្នា ភេទប្រុស អាយ១៧ឆ្នាំ មុខរបរ ជាងកាត់សក់ ទីលំនៅភូមិ បឹងធំទី២ សង្កាត់បងធំ ខណ្ឌកំបូល ។ ទី២ ឈ្មោះ ខុម សុខរីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅ ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆាន លីនី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើជនសង្ស័យជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-9493 តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ធ្វើសកម្មភាពឆក់ទូរស័ព្ទOPPO ពីជនរងគ្រោះ កំពុងធ្វើដំណើរតាមផ្លូវ បានសម្រេចហើយព្យាយាមរត់គេច ផ្អើលសមត្ថកិច្ចប្រដេញតាម រហូតដល់ផ្លូវលំមាត់ប្រឡាយតាហោ ភូមិព្រៃតមាស២ សង្កាត់បឹងធំ ទើបចាប់ឃាត់ខ្លួនបាន ។

ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.