បន្ទាយមានជ័យ ៖ បុរសម្នាក់ដើរចូលរកប៉ះស្លឹកត្រួយអាណោ យកទៅលក់ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ចៃដន្យដើរជាន់មីន K 59 ផ្ទុះមីនដាច់ជើងស្តាំកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បុរសរងគ្រោះមាន ឈ្មោះ វ៉ាន់ កំសត់ ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសដាច់ជើងស្តាំ និងជើងឆ្វេងរបួសអស់សាច់សល់តែឆ្អឹងចាប់ពីកំភួនជើងចុះក្រោម។បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី (មន្ទីរពេទ្យខេត្ត)។

តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចូលព្រៃទៅរកបេះស្លឹកត្រួយអាណោ យកទៅលក់ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ចៃដន្យដើរប៉ះចំមីនបណ្តាលឱ្យផ្ទុះដាច់ខាងស្តាំ ចំណែកខាងឆ្វេងដាច់រលាត់សាត់ខ្ទេចឈាមស្រោចខ្លួន។

ក្រោយកើតហេតុ អាជ្ញាធរមីន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ  ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទ៖ ចតុមុខ

Share.