ត្បូងឃ្មុំ៖ កសិករសម្រុកប្រមូលផលស្រូវប្រាំង គឺស្រូវមិនប្រកាន់រដូវ OM54.51 និងស្រូវម្លិះ លើផ្ទៃដីជិត១៤ពាន់ហិកតា ទាំង៧ស្រុក/ក្រុងនៃខេត្តត្បូងឃ្មុំ ។ ជាមួយផលក្នុង១ហិកតា ជិត៥តោន សម្រេចប្រមូលបានជិត៣០ពាន់តោនហើយ នៅដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា នៅដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ បានប្រមូលផលដំណាំស្រូវរដូវប្រាំងសម្រេចបានប្រមាណ ៦ ៤០០ហិកតា ស្មើនឹង ៤៦,១៦% នៃបានផ្ទៃដីដាំដុះ ១៣ ៨៦៥ហិកតា ទិន្នផលជាមធ្យម ៤,៥១តោន/ហិកតា ស្មើនឹង ២៨ ៨៦០តោន បើធៀបនឹងឆ្នាំ២០២៣ យឺតជាង ៥៥០ហិកតា ក្នុងនោះស្រុកដែលដាំដុះច្រើនជាងគេគឺស្រុកក្រូចឆ្មារ ដែលមានផ្ទៃដីដាំដុះស្រូវប្រាំងប្រមាណ ៦ ២៣៥ហិកតា ។


លោកប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវគឺ ១៣៣០រៀលក្នុង១គីឡូក្រាម តម្លៃថ្លៃជាងឆ្នាំទៅជាង៣០០រៀលក្នុង១គីឡូក្រាមឯណោះ ។ ឆ្នាំនេះបងប្អូនកសិករយើងផលិតដាំស្រូវប្រាំងបានតែម្តងទេ ដោយមូលហេតុខ្វះទឹក តែតំបន់ខ្លះ អាចធ្វើបានផលិតការដាំដុះបាន២ដងដែរ គឺតំបន់ជិតមាត់បឹង និងតាមដងទន្លេមេគង្គ ។ កសិករដាំដុះតែស្រូវមិនប្រកាន់រដូវ OM54.51 និងស្រូវម្លិះ ព្រោះវាប្រើរយៈពេលតែ៣ខែ កសិករប្រមូលផលបានហើយ ។ ចំពោះស្រូវធ្ងន់ដូចជាស្រូវ ផ្កាខ្ញី និងស្រូវរំដួល ប្រើពេលដល់ទៅ៦ខែ ដូច្នេះកសិករមិនធ្វើការដាំដុះនោះទេ ៕


អត្ថបទ៖ សាន វីឡែម

Share.