ត្បូងឃ្មុំ៖ អភិបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យអាជ្ញាធរត្រូវចុះបង្ក្រាប និងពិនិត្យអាជ្ញាប័ណ្ណអាជីវកម្មល្បែង តាមមូលដ្ឋាន ហើយបើពិនិត្យឃើញថាមិនមានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណផុតកំណត់ ឱ្យចាត់វិធានការទៅតាមផ្លូវច្បាប់។ ចំណែកកន្លែងដែលមានអាជ្ញាប័ណ្ណបន្តឱ្យបើក ប៉ុន្តែមិនឱ្យពង្រីកទីតាំងបន្ថែមជាដាច់ខាត»។ ការលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។ 

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបញ្ជាឱ្យរដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត០១រូប ដែលមានមន្ទីរ/អង្គភាព និងរដ្ឋបាលក្រុង/ស្រុក ជាសមាជិក ដើម្បីបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសគឺមិនអនុញ្ញាតឱ្យបន្តសុំអាជ្ងាប័ណ្ណទៅលើល្បែងស៊ីសងទៀតនោះឡើយ។ 

ជាមួយគ្នា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានដាស់តឿនទៅដល់អាជ្ញាធរមូលដ្ឋាន « ត្រូវត្រួតពិនិត្យទីកន្លែង ដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព ជាពិសេសមន្ត្រីសមត្ថកិច្ច ត្រូវដកខ្លួនចេញឲ្យឆ្ងាយកុំឲ្យមានការពាក់ព័ន្ធ បើមិនដូច្នេះទេ ត្រូវអនុវត្តន៍ទៅតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ»។ 

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងទាំង៣ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត <<កុំ៣ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង>> ត្រូវយកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាព ត្រូវយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមនសិការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងស៊ីសងតាមអនឡាញឱ្យខានតែបានក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ដែរថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ដូចគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានជូនដំណឹងស្តីពីការបញ្ឈប់ ឬបញ្ចប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបាន ម៉ឺងម៉ាត់បំផុត និងឱ្យមានប្រសិទ្ធភាពខ្ពស់។

ការដាក់ចេញវិធានការណ៍នេះ គឺដើម្បីថែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ៕

អត្ថបទ៖ សាន វីឡេម

Share.