ភ្នំពេញ ៖ ត្រឹមរយៈពេល៤១ថ្ងៃ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៩២ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន១៣៥នាក់បញ្ជូនទៅកាន់តុលាការ។ នេះបើតាមលោក បណ្ឌិតទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ សមត្ថកិច្ចនគរបាលបង្ក្រាបករណីល្បែងស៊ីសងចំនួន៩២ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន១៣៥នាក់ បានអនុវត្តវិធានការច្បាប់ គឺកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន៤៧ទីតាំង លើ១៤រាជធានីខេត្ត។ ក្នុងនោះ ល្បែងភ្នាល់តាម Internet ចំនួន២ទីតាំង ដោយឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន២៥នាក់។ ក្រៅពីនេះ ល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋាន បង្ក្រាបចំនួន៤៥នាទី ឃាត់ខ្លួនជនសង្ស័យចំនួន១១០នាកើ។

ក្រៅពីការបង្ក្រាបល្បែងស៊ីសង ដោយអនុវត្តវិធានការច្បាប់ ក៏មានការបង្ក្រាប ដោយត្រឹមតែអនុវត្តវិធានការរដ្ឋបាលផងដែរ ពោលគឺគ្រាន់តែអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងនោះនគរបាលបានបង្ក្រាបចំនួន៤៥ទីតាំង លើដែនដី៦ខេត្ត ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន១០៥នាក់។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺការទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦(បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោកនិងទឹក) ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា៕

អត្ថបទ៖ សង្គម

Share.