ក្រុងប្រ៊ុចសែល៖ លោក Philippe Lazzarini ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ UNRWA បាននិយាយនៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈថា លោកគ្មានចេតនាលាលែងពីតំណែងទេ បន្ទាប់ពីមានការចោទប្រកាន់ថា បុគ្គលិកមួយចំនួនបានចូលរួមក្នុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ចាប់តាំងពីការចោទប្រកាន់ត្រូវបានធ្វើឡើង ប្រទេសម្ចាស់ជំនួយជាច្រើនបានផ្អាកការផ្តល់មូលនិធិ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ។

ទាក់ទិនបញ្ហានេះ UNRWA បានបើកការស៊ើបអង្កេត និងបណ្តេញបុគ្គលិកដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានប្រកាសពីការហាមប្រាមទិដ្ឋាការលើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកដែនដីប៉ាឡេស្ទីន ជុំវិញការបដិសេធការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស គឺជា «ការប្រឆាំងពួកសេមីត»៕

ប្រភព៖ CNA

Share.