ក្រសួងយុត្តិធម៌ និងក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ បាន​ចុះហត្ថលេខាលើ (MOU) “អនុស្ស រណៈ​នៃការយោគ​យល់​ស្ដីពីកិច្ច​សហប្រតិបត្តិការ​ដាក់ឱ្យ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯក​សារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និង​ការ​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាលជំនាញ ឌីជី​ថល​ជូនមន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌” ។ ពិធី​ចុះ​ចុះហត្ថលេខាលើ ដោយ​មាន​ការអញ្ជើញ​ពី​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ធ្វើឡើង​កាល​ពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានេះ មានគោលបំណង ៤ សំខាន់ គឺ៖

១-ដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯក​សារនា​នា​ក្នុង​វិស័យ​យុត្តិធម៌
២-ដាក់ឱ្យប្រើប្រាស់ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (Digital Government Products/DGPs) ក្នុងក្រសួងយុត្តិធម៌
៣-រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងយុត្តិធម៌
៤-រៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្ត្រីរាជការក្រសួងយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការវាយតម្លៃ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរគម​នាគមន៍ ដែលសម្រេចបាននូវសមិទ្ធផលការងារជាអាទិភាពជាច្រើននៅក្នុងវិស័យឌីជីថល ជា​ពិសេស ការបង្កើតឱ្យមាននូវថ្នាល និងសេវារដ្ឋាភិបាលឌីជីថលថ្មីៗ សម្រាប់​បម្រើ​ឱ្យ​សេចក្តី​ត្រូវ​ការ​ជាក់​ស្តែងក្នុងវិស័យសាធារណៈ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជា​ការ​បោះ​ជំហានថ្មីមួយ​បន្ថែមទៀត​ក្នុង​កិច្ចខិត​ខំប្រឹងប្រែង​ក្នុងការធ្វើទំនើប​កម្មវិស័យ​យុត្តិធម៌​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា សំដៅម្យ៉ាង ដើម្បីលើកកម្ពស់គុណភាព និង​ប្រសិទ្ធភាពការងារ​ក្នុងវិស័យ​យុត្តិធម៌ ក៏ដូចជា ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យ និងម្យ៉ាងទៀត ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យទាន់ដំណើរវិវត្ត​ឈានឡើង​ជាលំដាប់​ដ៏ឆាប់រហ័សនៃវិស័យប​ច្ចេកវិទ្យាក្នុង​សង្គមសម័យ​ទំនើប​បច្ចុប្បន្ន។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានលើកឡើងផងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈរវាងក្រសួងទាំងពីរនេះ គឺនឹង​ជំរុញល្បឿននៃការធ្វើ​បរិវត្តកម្ម​ឌីជីថលក្នុង​វិស័យ​យុត្តិធម៌ ក៏ដូច​ជាការបង្កើនជំនឿ​ទុកចិត្តនិងភាពកាន់​តែងាយ​ស្រួលដល់​ប្រជា​ពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈក្រោមសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ តាមរយៈ​ការ​ប្រើ​ប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

ឯកឧត្តម បាន​បន្ត​ថា ក្នុង​ការផ្ទៀង​ផ្ទាត់ឯក​សារនានា​របស់​ក្រសួងយុត្តិធម៌ ព្រម​ទាំង​ចូលរួមជួយ​ពង្រឹង​សមត្ថភាព​របស់​មន្ត្រីរាជ​ការក្រសួង​យុត្តិធម៌​លើជំនាញឌីជីថលចាំបាច់ សម្រាប់​ជួយ​ដល់​ការ​បំពេញ​ការងារប្រចាំថ្ងៃ ឱ្យកាន់តែមានផលិតភាពនិងប្រសិទ្ធភាព ដើម្បីសម្រេច​បាន​នូវជោគជ័យ​ក្នុង​ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួង​ប្រៃ​ស​ណីយ៍និងទូរគមនាគមន៍ និង​ត្រូវ​បានដាក់​ឱ្យ​ប្រើ​ក្នុង​គោល​បំណង​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯក​សារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាម​រយៈ​ការ​ស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើ​ឯកសារ​ថត​ចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

Share.