ក្រុម Central Coast Mariners របស់អូស្រ្តាលី បាន​យក​ឈ្នះភ្នំពេញក្រោន របស់កម្ពុជា ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Industree Group កាលពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡើង​ទៅ​កាន់​ផ្តាច់ព្រ័ត្រ តំបន់អាស៊ាន នៃពានរង្វាន់ AFC Cup  ឆ្នាំ​២០២៣-២៤ ។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi បង្ហាញចំណាប់អារម្មណ៍បន្ទាប់ពីប្រកួតចាញ់ Central Coast Mariners ថា៖ «ខ្ញុំពិតជាមានមោទកភាពសម្រាប់ក្រុមដែលបានលេងពានរង្វាន់ AFC CUP។ វាពិបាកនឹងជឿថាយើងបានធ្វើរឿងដ៏អស្ចារ្យក្នុងការប្រកួត AFC CUP។ ខ្ញុំពិតជាមានមោទកភាពចំពោះអ្វីដែលយើងបានធ្វើនេះ។ សម្រាប់ការប្រកួតថ្ងៃនេះយើងបានធ្វើវាដោយចេញពីចិត្ត និងពោរពេញទៅដោយថាមពលដោយប៉ះជាមួយក្រុមដ៏ខ្លាំងរបស់អូស្រ្តាលី។ យើងមានឱកាសល្អមួយចំនួនផងដែរសម្រាប់ការប្រកួតនេះ ហើយក៏ត្រូវបានគេនាំមុខនៅវគ្គទីមួយ ១ទល់០ ប៉ុន្តែអ្វីៗបានប្រែប្រួលបន្ទាប់ពីពួកគេរកបានគ្រាប់បាល់ទីពីរ»។

គ្រូភ្នំពេញក្រោន បន្តទៀតថា៖«វាគឺជាបទពិសោធន៍ដែលយើងអាចរៀនសូត្រពីវា ហើយយើងនឹងមានភាពរីកចម្រើនផងដែរប្រសិនបើមានការប្រកួតប្រជែងរបៀបនេះច្រើននោះ។ នៅពេលដែលយើងជួបគូប្រកួតដែលខ្លាំង យើងអាចប្រជែងអស់ពីសមត្ថភាព និងបង្ហាញអស់នូវភាពខ្លាំងរបស់យើងផងដែរ។ នៅពេលនេះយើងនឹងធ្វើដំណើរទៅកម្ពុជាវិញដើម្បីប្រកួតដណ្តើមពានរង្វាន់ និងត្រលប់មកវិញម្តងទៀត»។

ខណ:ក្រុម Macarthur FC របស់ប្រទេសអូស្ដ្រាលី បានយកឈ្នះក្រុម Sabah របស់ប្រទេសម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Campbelltown Sports ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ ដូចគ្នា។

ដូចនេះក្រុមរបស់ប្រទេសអូស្ដ្រាលីទាំង២ គឺ Macarthur FC នឹង​ត្រូវ​ជួប​ក្រុម Central Coast Mariners សម្រាប់វគ្គផ្តាច់ព្រ័ត្រ ASEAN Zone នៃពានរង្វាន់ AFC Cup។បើមិនមានការ​ប្រែ​ប្រួល​អ្វីទេ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Cup ក្នុងតំបន់អាស៊ាននឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.