នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នំា២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​ចេញ​សេចក្តីជូនដំណឹងស្តីពី​ការបង្ក្រាបការដំឡើង និងការប្រើឧបករណ៍ Fake BTS សម្រាប់ផ្ញើសារ​ខ្លី (SMS) អំពី​ល្បែង​ស៊ី​សង កម្ចីឯកជន ឬសាររំខានផ្សេងទៀត។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​បញ្ជាក់ថា ដោយមានអំពើមិន ប្រ​ក្រតី​នៃការ​ផ្ញើសារ​ខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ទៅ​កាន់​ទូរសព្ទ​ចល័ត របស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានស្រាវជ្រាវ និងរកឃើញថា សកម្មភាពទាំងនេះត្រូវ បានធ្វើឡើងតាមរយៈការប្រើ ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station – Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និង​មាន​ផល​ប៉ះ​ពាល់​ដល់គុណភាពសវា ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ព្រម​ទាំង​សណ្ដាប់​ធ្នាប់​សង្គម​និង​សន្តិ​សុខ​ជាតិ។

ឧបករណ៍ Fake BTS នេះ ស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទ ចល័ត ហើយបន្ទាប់មក គឺផ្តាច់​សេវា​របស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទ ចល័ត​ភ្ជាប់​ទៅ​កាន់​ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយ​ពុំឆ្លង​កាត់ បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។

ដោយកំណត់បាននូវមុខសញ្ញានេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ន.ទ.ក. សហការ​ជា​មួយ​សមត្ថ​កិច្ច ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្រុមហ៊ុន ហ្សីចែ រេនជា ខា វ៉សស៊ីង សឺវីស ឯ.ក មាន​អាស​យ​ដ្ឋាន​ស្ថិតនៅសង្កាត់ លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានចាប់យកវត្ថុតាង រួម​មាន រថយន្តបំពាក់ឧបករណ៍ Fake BTS ៥ គ្រឿង ឧបករណ៍ Fake BTS ១៩ គ្រឿង ឧបករណ៍​កាត់​ផ្តាច់សេវា (Jammer) ៣ គ្រឿង និងគ្រឿងបង្គុំផ្សេងៗទៀត ព្រមទាំង ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ បញ្ជូន​ទៅ​ស្នង​ការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS នេះ ក.ប.ទ. សូមអំពាវនាវដល់៖
គ្រប់ក្រុមហ៊ុននាំចូលនិងផ្គត់ផ្គង់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍៖ មិនត្រូវនាំចូល ឬផ្គត់ផ្គង់ឧបករណ៍ Fake BTS ដោយគ្មានការអនុញ្ញាតពី ន.ទ.ក.

សាធារណជនទាំងអស់៖ ត្រូវជៀសវាងការកាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ជា​ពិ​សេស គឺ មិនត្រូវបើកមើល បឆ្លើយតបសារខ្លី (SMS) ឬសារតាមប្រព័ន្ធតេឡេក្រាម ឬ​បណ្តាញ​សង្គម​ផ្សេងៗ​អំពី ល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និង មិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភព ច្បាស់លាស់ ជៀសវាងទទួលរងការលួចចូល (Hack) យក​ទិន្នន័យ​ពីជន​ទុច្ចរិត។

គ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី ខេត្ត៖

-សូមចូលរួមត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូល ឬចែកចាយឧបករណ៍ Fake BTS ឱ្យបានម៉ឺងម៉ាត់

-សូមចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជនរស់នៅមូលដ្ឋានរបស់ខ្លួនអំពីករណីនេះ ក៏ដូចជា ការជៀសវាងការបើកមើល បឆ្លើយតបសារពាក់ព័ន្ធនឹងល្បែងស៊ីសង កម្ចីឯកជន ឬ​សារ​រំខាន​ផ្សេង​ទៀត និង ការជៀសវាងការចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់។

ក.ប.ទ. សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញា​បនបត ឬលិខិតអនុញ្ញាតពី ន.ទ.ក. និងការធ្វើសកម្មភាព​ទាំងឡាយ​ណា​ផ្ទុយពី​ការកំណត់​របស់​ច្បាប់​ស្ដីពី​ទូរគម​នាគមន៍ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹង​ត្រូវ​ទទួល​រងទណ្ឌ​កម្ម​ស្រប​តាម​បទបញ្ញត្តិជាធរមាន។

ក្នុងករណីមានព័ត៌មានអំពីការនាំចូល ផ្គត់ផ្គង់ ដំឡើង និងប្រើប្រាស់ឧបករណ៍ Fake BTS សូម​រាយ​ការណ៍ មក ន.ទ.ក តាមរយៈលខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh៕

Share.