កណ្តាល៖ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ បានជ្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបម្នាក់ក្រុងតាខ្មៅ កាលពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង០៧:៣០នាទី ចំណុចផ្លូវជាតិលេខ២ ភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ សុខ អៀងលី ហៅខ្លឹង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (អ្នកបើកម៉ូតូ)
២.ឈ្មោះ លី ខេមរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (អ្នកឆក់)៣.ឈ្មោះ ហេង បញ្ញារ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (អ្នកយកទូរសព្ទជនរងគ្រោះទៅលក់) ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ មានសារធាតុញៀននូវក្នុងទឹកនោម។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះគោលបំណងទៅធ្វើការនៅភ្នំពេញ ដោយបានទុកកាបូបលុយក្នុងកន្រ្តកម៉ូតូ។ លុះជិះដល់ចំណុចខាងលើ ក៏ស្រាប់តែមានជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ផ្លាកលេខ កណ្តាល 1T-8154 ដោយឈ្មោះ សុខ អៀងលី ហៅខ្លឹង រីឯឈ្មោះ លី ខេមរ៉ា ជាអ្នកជិះខាងក្រោយ ហើយឈ្មោះ លី ខេមរ៉ា បានឆក់កាបូបពីជនរងគ្រោះនាំគ្នាជិះរត់គេចខ្លួនបាត់ទៅ។

លុះមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈឆែកកាមេរ៉ាសុវត្ថិភាព កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកឬស្សី និងប៉ុស្តិ៍ព្រែកហូរ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ខាងលើ និងជនសង្ស័យម្នាក់ទៀតដែលសមគំនិតយកទូរសព្ទដែលឆក់បានយកទៅលក់ ព្រមទាំងចាប់យកទូរសព្ទរបស់ជនរងគ្រោះមកវិញ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំចាត់ការតាមនីតិវិធីតែម្តង។

ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងសម្ថកិច្ចដកហូតវត្ថុតាង មានម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២១ គ្មានកុងទ័រ គ្មានកាង ផ្លាកលេខ កណ្តាល 1T-8154 (របស់ជនសង្ស័យ)។ ទូរសព្ទចំនួន ០២គ្រឿងម៉ាក IPhone 11pro ពណ៌បៃតង និងម៉ាក IPhone XS Max ពណ៌ខ្មៅ (របស់ជនរងគ្រោះ)។
ទូរសព្ទ ០១គ្រឿង ម៉ាក N ចុចពិល (របស់ជនសង្ស័យ)។ កាបូបលុយ ពណ៌ខ្មៅ០១ របស់ជនសង្ស័យ។ មួកការពារសុវត្ថិភាពចំនួន ០២ពណ៌ស របស់ជនសង្ស័យ។

បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជិះម៉ូតូនាំគ្នាធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន។ ​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.