កូរ៉េខាង​ត្បូង៖ ក្រុម​ចម្រៀង​ Rap សេរីចាស់​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កំពុង​តែ​ផ្ទុះល្បីល្បាញ​ខ្លាំង​ ព្រោះ​តែ​លោក​យាយៗ​ បាន​លើក​យក​ជីវិត​ក្នុង​ស្រែ​ចំការ​មក​ច្រៀង​ ធ្វើ​ឱ្យ​ជនបទ​ដែល​ធ្លាប់​តែ​ស្ងប់ស្ងាត់ និង​រង​ការ​គំរាម​កំហែង​ដោយ​ទំនើប​កម្ម​ ត្រលប់​មក​មាន​ជីវិត​ជីវ៉ា​។

ក្រុម​ចម្រៀង​ Rap ដែល​មាន​សមាជិក​៨​នាក់​ មាន​ឈ្មោះ​ថា​ Suni and the Seven Princesses បាន​ចាប់​ផ្ដើម​ល្បីល្បាញ​ ល្បីល្បាញ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​កាល​ពី​ខែ​សីហា ឆ្នាំ​មុន​ ដោយ​តំបន់​ ដែល​ក្រុម​រ៉េប​ស៊េរី​ចាស់​រស់នៅ​នោះ​មាន​ឈ្មោះ​ថា​ Chilgok ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ ខេត្តខ្យុងសាងត្រូវ​ចំណាយ​ពេល​បើកបរ​ជាង​៤​ម៉ោង​ពី​សេអ៊ូល។ ក្រោយ​ក្រុម​របស់​ខ្លួន​ចាប់​ផ្ដើម​មាន​អ្នក​គាំទ្រ​ទាំង​នៅ​ក្នុង​ភូមិ​ ក្រៅ​ភូមិ ទីបំផុត​ក្រុម​ចម្រៀង​លោកយាយ ក៏​មាន​ឱកាស​បាន​សម្ដែង​ក្នុង​ពិធីផ្សេងៗ ក៏​ដូច​ជា​នៅ​កម្មវិធី​ទូរទស្សន៍​។ លោកយាយ Park Jeom Sun វ័យ 81 ឆ្នាំ ដែល​ជា​ប្រធាន​ក្រុម​ចម្រៀង​​មាន​វ័យ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ បាន​សម្ដែង​អារម្មណ៍ថា «​លោក​យាយ​ មាន​អារម្មណ៍កាន់​តែ​ក្មេង​ជាង​វ័យ​ បើ​ទោះ​ជា​អាយុ​ច្រើន​ក្ដី​ តែ​លោក​យាយ​រីករាយបំផុត​។»

តំបន់​ដែល​ក្រុម​ចម្រៀង​ Suni and the Seven Princesses រស់​នៅ​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ក្លាយ​ជា​តំបន់​ត្រូវ​បោះបង់​ចោល ដោយ​សារ​តែ​យុវជន​បាន​ចំណាកស្រុក​ ទៅរស់​នៅទីក្រុង រីឯ​អ្នក​រស់​នៅ​ មាន​កូន​តិចៗ​ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​ប្រធាន​ក្រុម​ចម្រៀង​នេះ​លើក​ឡើង​ថា​ កាល​ពី​អតីត​កាល​ ខ្ញុំ​មាន​អារម្មណ៍ថាខ្ញុំ​រស់​នៅ​តំបន់អ៊ូអរ តែ​បច្ចុប្បន្ន​អត់​ទេ​ លែង​មាន​មនុស្ស​រស់​នៅទីនេះ​ទៀត​ហើយ។

អត្ថន័យ​បទ​ចម្រៀង​ របស់​ក្រុម​ចម្រៀង​វ័យ​ចំណាស់​ ភាគ​ច្រើន​គឺ​និយាយពីជីវិត​នៅ​ក្នុង​ជនបទ ភាព​សប្បាយ​​រីករាយ​ ការ​ប្រកប​របរចិញ្ចឹម​ជីវិត​តាម​បែប​ធ្វើ​ស្រែចំការ​ ការ​វិល​ត្រលប់​មក​ស្រុកកំណើត​ដោយ​រីករាយ ជា​ដើម​។

ជីវិត​របស់​សមាជិក​ក្រុម​ចម្រៀង​នេះ​ ស្ដាប់​ទៅ​គួរ​ឱ្យ​អាសូរ​ណាស់ ព្រោះ​គាត់​មិន​បាន​សិក្សា​ទេ​កាលពីក្មេង​ដោយសារ​តែ​បញ្ហាសង្គ្រាម​នៅ​ឧបទ្វីបកូរ៉េ ដូច្នេះ​កាល​ពី​ឆ្នាំ​២០១៦​ ពួកគាត់​បាន​ចូលរៀន​ថ្នាក់​បំប៉ន​មនុស្ស​​ចាស់​ដើម្បីចេះអាន​ និង ចេះសរសរ​អក្សរកូរ៉េ​។

ក្រោយ​បាន​ចូលរៀន​ ពួក​គាត់​បាន​រៀន​ Rap ពី​គ្រូភាសាកូរ៉េ ដូច្នេះ​ឆ្នាំ​មុន​ពួក​គាត់​ ​ក៏​ចាប់​ផ្ដើមផ្ដួច​ផ្ដើម​ក្រុម​ចម្រៀង​រ៉េប សេរីចាស់ ដែល​និពន្ធ​ចម្រៀង​ផ្ដោត​តែ​លើ​ជីវិត​នៅ​ស្រុក​ស្រែ​ចំការ​។ បន្ទាប់​ពី​ក្រុម​ចម្រៀង Suni and the Seven Princesses ទទួល​បាន​ជោគជ័យ​ ធ្វើ​ឱ្យ​លោកយាយៗ​នៅ​ Chilgok ចាប់​ផ្ដើម​ប្រមូល​គ្នា​បង្កើត​ជា​ក្រុម ទីបំផុត​ក្រុម​ចម្រៀង​ Rap ៤​ទៀត បាន​ចាប់​បដិសន្ធិឡើង។

ក្រុម​ចម្រៀង​លោកយាយ មិន​ត្រឹម​តែ​កសាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នោះ​ឡើយ ប៉ុន្តែ​ពួក​គាត់​បាន​ធ្វើ​ឱ្យ​សាច់ញាតិ ពិសេស​ចៅៗ​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​សមិទ្ធិផល​របស់​លោកយាយខ្លួន៕

Share.