មន្រ្តីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយកម្លាំងសមត្ថកិច្ចចំរុះ បានធ្វើសកម្មភាពចុះឆ្មក់ បង្រ្កាបបទល្មើសនេសាទនៅតំបន់អាងអភិរក្សត្រីមេពូជខាងលើទំនប់វារីអគ្គិសនីសេសានក្រោម២  និងនៅតាមតំបន់អូរជាច្រើនកន្លែងនៅក្នុង ឃុំក្បាលរមាស ស្រុកសេសាន  ខេត្តស្ទឹងត្រែងង និងបាននាំខ្លួនអ្នកនេសាទចំនួន 9 នាក់ ឱ្យធ្វើកិច្ចសន្យា នៅចំពោះមុខសមត្ថកិច្ច ។

ក្នុងសកម្មភាបបង្ក្រាបបទល្មើសនេសាទ  នៅចំណុចអូរសូ -អូរឃ្លាំងស៊ីវ- អូរក្រញូង អូរភ្នំរឹង-និងអូរល្អក់  កាលពីថ្មីៗនេះ លោក  យាម.សាវុន នាយផ្នែករដ្ឋបាលជលផលសេកុង បានបញ្ជាក់ថា៖ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះកម្លាំងសមត្ថកិច្ចបានបំផ្លាញចោលនៅឧបករណ៏នេសាទខុសច្បាប់រួមមាន ៖ទីតាំងរបាំងព្រួលស្បៃមុង ១៥កន្លែង មានប្រវែងសរុប ២០០០ម៉ែត្រ- ទីតាំងរបាំងព្រួលសាច់អួន ០២កន្លែង ប្រវែងសរុប ៣១០ម៉ែត្រ- លបប្រើស ១០០ ចំនួន ០២ខ្សែ ប្រវែងសរុប៥០ម៉ែត្រ-ដកហូតមង ប្រវែង ៧៥០ម៉ែត្រ – ដកហូតទូកម៉ាស៊ីនចំនួន ០៤គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ន -និងតម្រូវឱ្យប្រជានេសាទ ចំនួន ០៩នាក់ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់ ។

លោកបន្តថា លើកក្រោយបើមានប្រព្រឹត្តបែបនេះទៀត និងនាំខ្លួនទៅអនុវត្តច្បាប់ជលផលតាមមាត្រាទី៨៩ ព្រោះជាការបំផ្លាញធនធានមច្ឆជាតិក្នុងរដូវបិទនេសាទ។

លោក អេងភី  ប្រជា អ្នកនេសាទរស់នៅភូមិឃុំក្បាលរមាសបានទទួលស្គាល់ថា៖ពួកគាត់ពិតជាបានមកដាក់របាំងព្រួលសាច់អួននៅតាមអូររបៀង ក្នុងរដូវបិទនេសាទនេះមែន ព្រោះគិតថាវាជាមុខរបរមួយបន្ទាប់បន្សំ ក្រៅពីការងារធ្វើស្រែចំការ គ្រាន់បានត្រី បរិភោគខ្លះនិងលក់ដូរខ្លះបានប្រាក់ដោះស្រាយជីវភាព។

លោកបន្តថា៖ចាប់ពីពេលនេះទៅលោកនិងចូលរួមជាមួយនិងការអភិរក្សនិងជួយផ្សព្វផ្សាយបន្ថែមទៅដល់ប្រជាអ្នកនេសាទផ្សេងៗទៀតឱ្យបានដឹងទាំងអស់គ្នានិងឈប់ប្រព្រឹត្តបទល្មើសដាក់ស្បៃមុងបែបនេះទៀត។

សូមបញ្ជាក់ថា៖ យុទ្ធនាការនេះកម្លាំងចំរុះបានចុះបង្ក្រាបទ្រុងទ្រាយធំ  ចំនួន៣លើករួចមកហើយ។   ជាមួយនេះមន្ត្រីជលផលសំពូមពរឱ្យអាជ្ញាធរមូលដ្ឋានជួយពង្រឹកកិច្ចការងារអភិរក្សធនធានជលផលឱ្យមានប្រសិទ្ធភាព    និងបង្កើនការទប់ស្កាត់លំហូរចូលអ្នកនេសាទមកពីក្រៅខេត្តផង៕

អត្ថបទ៖ វិមានមាសឥសានស្ទឹងត្រែង

Share.