ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ខូចចិត្តព្រោះរឿងស្នេហា សង្សារសុំបែក ធ្វើឱ្យនាងគិតខ្លី ខ្វះពិចារណា បែជាទៅប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹកពីលើស្ពានជ្រោយចង្វារ តែសំណាងល្អ ក្រុមអ្នកនេសាទកំពុងនៅខាងក្រោមស្រាប់ផង ជួយស្រង់ទាន់ពេល បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្ពានជ្រោយចង្វារចាស់ ត្រើយខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីខាងលើមានឈ្មោះ វ៉ា ស្រីនី អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

តាមប្រភពគ្រាន់តែឱ្យដឹងថា នារីរងគ្រោះខូចចិត្តផ្តើមពីរឿងស្នេហា សង្សារសុំបែក ធ្វើឱ្យនាងគិតខ្លី ខ្វះការពិចារណាវែងឆ្ងាយ រហូតដល់ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹកស្ពានជ្រោយចង្វារ តែសង្គ្រោះបាន់ទាន់ពេល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ គេឃើញនារីរងគ្រោះដើរថ្មើរជើង ពីលិចទៅកើត ឡើងលើស្ពាន ខណៈដែលចរាចរណ៍កំពុងអ៊ូអរ ស្រាប់តែហក់លោតចុះ ផ្អើល អ្នកនេសាទខាងក្រោម ស្រង់បានភ្លាមៗ នាំឡើងគោកឡើង តែទន់ដៃទន់ជើង ប្រគល់ឱ្យសមត្ថកិច្ច ប្រចាំការស្ពាន ។ ក្រោយស្រង់បាន នារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកចតុមុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.