បន្ទាប់ពីឈ្នះ រៀងៗខ្លួននៅជើងទី១ នៅក្រៅដី ក្រុមជើងឯក ៤សម័យ ព្រះខ័នរាជស្វាយរៀង និង ជើងឯក ២សម័យ ភ្នំពេញក្រោន មានប្រៀបសម្រាប់ប្រកួតជើងទី២បន្តទៀតនៅក្នុងដីរបស់ពួកគេ នាថ្ងៃទី២១ ខែកុម្ភៈ ខាងមុខ។

ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងបានយកឈ្នះគូប្រជែង ណាហ្គាវើលដ៍ ដោយលទ្ធផល ៤-១ នៅកីឡដ្ឋាន កំពង់ស្ពឺ ខណៈ ក្រុមសិង្ហក្រហម បានយកឈ្នះ គិរីវង់សុខសែនជ័យ ២-០ នៅជើងទី១ កាលថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅដូចគ្នា។

ព្រះខ័នរាជស្វាយរៀង គឺជាក្រុមមានប្រព័ន្ធប្រយុទ្ធ រឹងមាំ រដូវកាលនេះ ប៉ុន្តែ យ៉ាងណាក្ដី ក្រុមរបស់លោក Pep Muñoz ខកខានឈ្នះពានសម្ដេចនេះ ៧ ឆ្នាំមកហើយតាំងពី ២០១៧មក។ ចំណែកក្រុមរបស់លោក ឃីម បូរី ឯណោះវិញ ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពានសម្ដេចតេជោ ដែលកកើតលើកដំបូងតាំង ២០០៧ មក ពោលឡើងផ្ដាច់ព្រ័ត្រដល់ទៅ៧ដង និងឈ្នះជើងឯកតែម្ដងគត់នៅឆ្នាំ២០១៣។

រដូវកាលនេះ រឹតតែពិបាកបន្តិចសម្រាប់ក្រុមនាគមាសមួយនេះ ព្រោះត្រូវទៅលេងទឹកដី ស្វាយរៀង និង ជាទីធ្លាប់ចាញ់វគ្គផ្ដាច់ព្រ័ត្រពានង្វាន់មួយនេះ ក្រោមការដឹកនាំរបស់លោកមាស ចាន់ណា កាលឆ្នាំ ២០១៥។

ចំណែក ភ្នំពេញក្រោន ដែលជាក្រុមដំបូងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFC Cup តំបន់អាស៊ាននោះ ធ្លាប់ឈ្នះជើងឯកពីរដងនៅឆ្នាំ ២០០៨ និង ២០០៩។ គិតមកទល់ពេលនេះ ភ្នំពេញក្រោនខកខានឈ្នះពានដដែលនេះអស់រយៈពេល ១៥ ឆ្នាំហើយ។ ទោះយ៉ាងនេះក្ដី ក្រុមរបស់លោក Oleg Starynskyi មានពន្លឺ ឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកទី១១ របស់ខ្លួន បន្ទាប់ពីឈ្នះក្រុមលោក សាបូន វិនតា កាលពីជើងទី១ វគ្គ១/៤ ផ្តាច់ព្រ័ត្រ នៅខេត្តតាកែវ។

គួរបញ្ជាក់ថា រដូវកាលនេះពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លេងឆ្លងឆ្នាំលើកដំបូង និង អាចដាក់កីឡាករបរទេសលេងលើកទីលានបាន ៤ នាក់ (សមាជិក AFC ១ នាក់ + ក្រៅពីសមាជិក AFC ៣ នាក់)។

កម្មវិធី​ប្រកួតជើងទី២ នៅ​ថ្ងៃពុធ ទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង
-ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខា ប៉ះ ខេត្តព្រៃវែង នៅកីឡដ្ឋាន ព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត នៅកីឡដ្ឋាន AIA KMH Park៕

Share.