បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៣ខែកន្លងមកនេះ សំបុកសត្វត្រយងយក្សចំនួន ១០សំបុកត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ហើយសំបុកមួយចំនួនត្រូវ បានញាស់ និងមួយចំនួនទៀតកំពុងក្រាបពង ក្រោមការតាមដាននិងការពារយ៉ាងយកចិត្ត ទុកដាក់ពីបុគ្គលិកទីវាលរបស់អង្គការ។ នេះបើតាមការបញ្ជាក់របស់អង្គការសត្វស្លាបអន្តរជាតិ (Birdlife International Cambodia Program) នៅថ្ងៃ១៥ខែសីហាឆ្នាំ២០២១នេះ។

ប្រភពដដែលអះអាងថា រដូវពងកូនឆ្នាំនេះ នឹងបញ្ចប់នៅខែវិច្ឆិកា យើងសង្ឃឹមថាសំបុកសត្វនេះអាចរកឃើញច្រើនថែមទៀតនិងទទួលបានការតាមដាននិងការពារពីក្រុមការងា។ ខណៈដែលក្រុមការងារយើងធ្វើការស្រាវជ្រាវនិងអភិរក្សបក្សីកម្រនេះយ៉ាងលំបាក អង្គការBirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជាសំណូមពរដល់ប្រជាសហគមន៍ អជ្ញាធរមូលដ្ឋានសូមចូលរួមថែរក្សារការពារបក្សីជាតិយើងទាំងអស់គ្នាដោយទប់ស្កាត់និងមិនទន្រ្ទាដីដែលធ្វើអោយបាត់បង់ទីជម្រក មិនយកពងកូន និងមិនបង្ករការរំខានជាដើម។

សត្វត្រយងយក្សជាបក្សីជិតផុតពូជបំផុតមួយនៅលើពិភពលោកនិងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា។ ដែនជម្រកសត្វព្រៃលំផាត់បាននឹងកំពុងគាំទ្រដល់ការរស់នៅរបស់សត្វត្រយងយក្ស។ ជារៀងរាល់ឆ្នាំក្រុមការងារយើងនៅដែនជម្រកសត្វព្រៃលំផាត់បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូនដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ដោយហេតុថាសត្វនេះពងកូននារដូវវស្សាការសិក្សាស្វែងរកមានការលំបាកខ្លាំងនិងទាមទារការប្រឹងប្រែងខ្ពស់។

តាមរយៈអនុក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចយក ត្រី ល្មូន ដើមឈើ ផ្លែឈើ បក្សី សត្វព្រៃ និងផ្កា ជាតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ ក្នុងនោះ ត្រយ៉ងយក្ស ត្រូវបានជ្រើសរើសតំណាងឱ្យបក្សី៕

Share.