ទីក្រុងតៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនាថ្ងៃពុធ នេះថា តៃវ៉ាន់មិនបានបង្កើនការដាក់ពង្រាយកងទ័ពនៅលើកោះជួរមុខដែលស្ថិតនៅទល់មុខប្រទេសចិននោះទេ ហើយគ្មានអ្វីប្លែកទេនៅក្នុងស្ថានភាពយោធាជុំវិញកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមការល្បាតជាទៀងទាត់នៅជុំវិញកោះ Kinmen ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ បន្ទាប់ពីជនជាតិចិន ២នាក់បានស្លាប់ ក្រោយព្យាយាមរត់គេចពីឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ បន្ទាប់ពីទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។

កាល​ពី​ថ្ងៃ​ចន្ទ ឆ្មាំ​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​ចិន​ បាន​ឡើង​ជិះ​ទូក​ដឹកភ្ញៀវទេសចរណ៍​តៃវ៉ាន់​នៅ​ក្នុង​ដែន​ទឹក​ស្ថិតនៅក្បែរ​កោះ Kinmen ជា​សកម្មភាពមួយ​ដែល​តៃវ៉ាន់​បាន​ថ្កោលទោសថា ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងតៃប៉ិ មន្រ្តីស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិតៃវ៉ាន់ Huang Ming-chieh បាននិយាយថា បច្ចុប្បន្នមិនមានអ្វីខុសប្រក្រតីនៅក្នុងសកម្មភាពយោធាចិននៅជុំវិញកោះតៃវ៉ាន់។

ចំណែកលោក Lee Chang-fu អនុប្រធាននាយកដ្ឋានផែនការប្រតិបត្តិការរួមរបស់ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា តៃវ៉ាន់មិនមានការបង្កើនការដាក់ពង្រាយកងទ័ពរបស់តៃវ៉ាន់នៅលើកោះឈូងសមុទ្រ ដែលដូចជាកោះ Matsu និងកោះ Kinmen ទេ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនធ្វើអន្តរាគមន៍ក្នុងស្ថានភាពជុំវិញកោះ Kinmen នោះទេ ប៉ុន្ដែកំពុងរៀបចំផែនការជាមួយឆ្មាំឆ្នេរសមុទ្រសម្រាប់សេណារីយ៉ូថ្មី ដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ទីក្រុងប៉េកាំង ដោយជំរុញឱ្យមានការអត់ធ្មត់ និងមិនមានការផ្លាស់ប្ដូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្ននោះទេ៕

ប្រភព៖ CNA

Share.