ការប្រកួតពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ បានរកឃើញក្រុមចំនួន ៣ហើយដែលបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះមានព្រះខ័នរាជស្វាយរៀង បឹងកេត និងវិសាខា ខណ:ជំនួបរវាងក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកួតជាមួយ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ត្រូវបានស្នើសុំផ្លាស់ប្ដូរកាលបរិច្ឆេទនៃការប្រកួត នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ វិញ។

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ បឹងកេត ត្រូវជួប ព្រះខ័នរាជស្វាយរៀង។ វិសាខា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ រវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ នាថ្ងៃទី២៨ ខែកុម្ភៈខាងមុខ។

មុនឡើងមកកាន់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៦-០ ក្នុងជំនួបជើងទី២ (សរុបទាំង២ជើង ១០-១)។ ចំណែកបឹងកេត បានបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៤-២ នៅជើងទី២ (សរុបទាំង២ជើង ៨-៤)។

ដោយឡែកសម្រាប់ក្រុមការពារតំណែងជើងឯកវិសាខា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីប្រកួត ២ជើង យកឈ្នះក្រុមមកពីខេត្តព្រៃវែង គឺព្រៃវែងអេហ្វស៊ី ក្នុងលទ្ធផល ១-០ ជើងទី១ ខណ:ជើងទី២ លើកទឹកដីខ្លួនបានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ០-០ (សរុបទាំង២ជើង ១-០)។

គួរបញ្ជាក់ថា ចំពោះការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើការប្រកួត ២ជើងដូចគ្នា ដោយជើងទី១ ធ្វើត្រូវប្រកួតនៅថ្ងៃទី០៦ ខែមីនា និងជើងទី២ នឹងត្រូវប្រកួតនៅថ្ងៃទី១០ ខែ មេសា ខាងមុខ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup 2023-2024 នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

Share.