ព្រះសីហនុ៖ ពិតហ៊ានមែន បុរសជនជាតិចិនម្នាក់ បានបើករថយន្តទំនើបពាក់ស្លាលេខ ខម បើកបុករថយន្តប្រជាពលរដ្ឋខ្មែរម្នាក់ឱ្យរងការខូចខាតយ៉ាងដំណំ និងបានបញ្ឆេះរថយន្តបើកបំបុកក្រុមសមត្ថកិច្ចចរាចរ ពេលចុះទៅអន្តរាគមន៍ គេចខ្លួនគេចចេញពីកន្លែងកើយហេតុបាត់ បង្កភាពផ្ញាក់ផ្អើលទាំងព្រឹក នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថិតនៅតាមបណ្តោយផ្លូវមិត្តភាព ម្តុំភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

យោងតាមការឱ្យដឹងពីអ្នកឃើញហេតុការណ៍ និយាយប្រាប់ភ្នាក់ងារប្រចាំក្រុងព្រះសីហនុថា មុនកើតហេតុមានបុរសជនជាតិចិនម្នាក់ បើកបររថយន្តទំនើបម៉ាកលុចសុីសពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ (ខម០២ ២-៤៥៧២) ធ្វើដំណើរទិសដៅពីអូរ៥ ឆ្ពោះទៅអូរត្រេះ លុះមកដល់ចំណុចកើតហេតុខងលើ បុរសជនជាតិចិនបានចុចទូរសព្ទ និងជក់បារីក្នុងរថយន្តហើយបានជាន់ហ្វ្រាំងឈប់ភ្លាមៗនៅលើផ្លូវសាធារណៈ ភ្លាមនោះមានរថយន្តមួយគ្រឿងទៀតម៉ាកស្តារិកពណ៌-ស ពាក់ស្លាកលេខ ព្រះសីហនុ ២B-០២៧៦ បើកបរដោយបុរសជនជាតិខ្មែរម្នាក់ បុកគូទរថយន្តជនជាតិចិនពីក្រោយ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែពុំបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកក្រុងព្រះសីហនុ បានចុះមកអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍នៅទីតាំងកន្លែងកើតហេតុ និងឱ្យភាគីទាំងសងខាងចរចាគ្នា។ ប៉ុន្តែយ៉ាងណា ភាគីជនជាតិចិន បាននិយាយអះអាងថា ខ្លួនជាអ្នកធ្វើការធំ តែក្នុងហោប៉ៅ ពេលនេះគ្មានលុយមួយរៀលទេ ពោលគឺគ្មានលុយដោះស្រាយ ឬសងសំណងបញ្ចប់រឿងជាមួយភាគីរងគ្រោះម្ខាងទៀតនោះឡើយ។ បន្ទាប់ពីសមត្ថកិច្ចកំពុងជជែកសួរនាំជាមួយភាគីរថយន្តខាងខ្មែរម្ខាងទៀត ស្រាប់តែជនជាតិចិនរូបនោះលួចបន្លំឡើងរថយន្តរបស់ខ្លួនបញ្ឆេះម៉ាស៊ីន បើកបំបុកក្រុមសមត្ថកិច្ចដែលកំពុងឈរឃាត់នៅខាងមុខ គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈមន្ត្រីសមត្ថកិច្ចចរាចរណ៍បានត្រឹមឈរមើលមុខគ្នា និងបោះដៃឱ្យកម្លាំងជំនាញសមត្ថកិច្ចផ្សេងទៀតជួយស្ទាក់ចាប់នៅខាងមុខប៉ុណ្ណោះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ បុរសជនជាតិចិនម្នាក់ ក៏បានចូលទៅកាត់សក់នៅហាងមួយកន្លែងម្តុំកែង LV ចាស់ បន្ទាប់ពីកាត់សក់រួចហើយ រូបគេបានបើករថយន្តចេញដោយមិនបានឱ្យលុយថ្លៃកាត់សក់នោះទេ។

ទោះយ៉ាងណា ប្រជាពលរដ្ឋ និងមហាជនកំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ចក្រុងព្រះសីហនុ ចំពោះបុរសជនជាតិចិនខាងលើនេះ នឹងចាប់ឃាត់ខ្លួនយកមកសួរចម្លើយ និងឱ្យមកទទួលខុសត្រូវលើសកម្មភាពល្មើសច្បាប់ទាំងនេះបានដែរ ឬយ៉ាងណា? ។ ព្រោះបើយោងតាមការរៀបរាប់របស់មន្ត្រីសមត្ថកិច្ចចរាចរណ៍ និងប្រជាពលរដ្ឋ សកម្មភាពជនជាតិចិនខាងលើនេះ ពិតជាព្រហើនខ្លាំងក្នុងនាមជាជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ មហាជនសង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ច នឹងអនុវត្តច្បាប់ដោយគ្មានការលើកលែងចំពោះបុរសជនជាតិចិនខាងលើ ដែលបាននិងកំពុងមានឥរិយាបទប្រមាថមើលងាយចំពោះមន្ត្រីសមត្ថកិច្ចដែលកំពុងចុះអនុវត្តច្បាប់នេះបានមិនខាង​៕

អត្ថបទ៖ ព្រះសីហនុ​

Share.