​សិល្បៈ​អន្តរជាតិ​៖ កញ្ញា Madison Marsh វ័យ​២២​ឆ្នាំ​ អនុសេនីយ៍​ត្រី​ទ័ព​អាកាស​ និស្សិត​សកល​វិទ្យាល័យ​ Harvard ថ្នាក់បរិញ្ញាប័ត្រជាន់​ខ្ពស់​ជំនាញគោល​នយោបាយ​សាធារណៈ​ បាន​ក្លាយ​ជា​មន្ត្រី​យោធាកំពុង​បម្រើ​ការងារ​ដំបូង​គេ​ដែល​ឈ្នះ​មកុដ​បវរកញ្ញា​អាមេរិក​ឆ្នាំ​ ២០២៤។

យោង​តាម​ CNN កញ្ញា Madison គឺ​ជា​បេក្ខភាព​បវរកញ្ញា​ឱ្យ​ Colorado បាន​យក​ឈ្នះ​បេក្ខភាព​ ៥០​នាក់​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​។

ក្រោយ​ឈ្នះ​មកុដ​ជយលាភី​កញ្ញា​ បាន​ចែក​រំលែក​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម​ IG ថា​៖ «អ្នក​អាច​សម្រេច​គ្រប់​កិច្ចការ​ងារ​ទាំង​អស់​។ ផ្ទៃ​មេឃ​គ្មានដែន​កំណត់​នោះ​ឡើយ​ ​ហើយ​មាន​តែ​មនុស្ស​ម្នាក់​គត់​ដែល​អាច​បញ្ឈប់​អ្នក​បាន​នោះ​គឺជា​អ្នក​ខ្លួន​ឯង​»

​ជា​រឿង​មួយ​ដ៏​រីករាយ​ដែល​មន្ត្រី​របស់​ខ្លួន​ទទួល​បាន​ជ័យជំនះ​នៅ​ក្នុង​ការ​ប្រកួត​ដ៏​ធំ​ នាយកដ្ឋាន​ទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហោះ​ពី​ជោគជ័យ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ X អតីត​ Twitter ដោយ​សំដៅ​ដល់​កញ្ញា​ Madison ថា​ «​មនុស្ស​របស់​ពួក​យើង​»

បេក្ខភាព​ចំនួន​ ៥១ រូប​មក​ពី​រដ្ឋ​ផ្សេង​ៗ​​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​អាមេរិក​ឆ្នាំ​២០២៤ វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីតាំង​នៃ​រដ្ឋ​ហ្ល័ររីដា ដោយ​មាន​បេក្ខភាព​តែ​១១​រូប​ប៉ុណ្ណោះ​ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្នុង​នោះ​មាន​​​បេក្ខនារី​ ១០រូប ​ជ្រើសរើស​ដោយ​គណៈកម្មការ​ និង​បេក្ខនារី​១​រូប​ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត​ ឱ្យ​​​ចូល​ទៅ​ដល់​វគ្គ​​ប្រកួត​បឋម​។

នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បេក្ខនារី​នីមួយ​ៗ​ត្រូវ​ប្រកួត​ប្រជែង​លើ​វិញ្ញា​សារ​ជា​ច្រើន​ដូច​ជា ​ការ​សម្ដែង​ ​ការ​បង្ហាញ​ឈុត​ស្រមោសរ​ ដោយ​វគ្គ​នេះ​ដែរ​ គណៈកម្មាការ​នឹង​ជ្រើសរើស​បេក្ខនារី​កំពូល Top5 ឱ្យ​ចូល​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

បេក្ខភាព​ចុង​ក្រោយ​ទាំង​៥រូប​នឹង​ត្រូវ​ បាន​សួរ​សំនួរ​ដែល​ឱ្យ​បង្ហាញ​ពី​គំនិត​ ទស្សនវិស័យ​របស់​ពួក​គេ​ក្នុង​នាម​ជា​បវរកញ្ញា​ តំណាង​ឱ្យ​ សហរដ្ឋអាមេរិក​។

គួរ​ដឹង​ថា​កញ្ញា​ Madison Marsh ម្ចាស់​តំណែង​បវរកញ្ញា​អាមេរិក​ឆ្នាំ​ ២០២៤ គឺជា​យុវតី​ដ៏​មាន​សមត្ថភាព​ ព្រោះ​កញ្ញា​ទទួល​បាន​ License បើកបរ​យន្ត​ហោះ​ (Pilot) តាំង​ពី​មាន​អាយុ​ត្រឹម​ ១៦​ឆ្នាំ​ប៉ុណ្ណោះ​៕

Share.