កណ្តាល៖ ជនសង្ស័យ៥នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ជិះម៉ូតូដេញកាប់គូរទំនាស់ រហូតជ្រុលបុកម៉ូតូអ្នកដំណើរ បណ្តាលឱ្យស្លាប់២នាក់ របួសម្នាក់ ក្នុងនោះមានភាគីខាងម៉ូតូអ្នកដំណើរម្នាក់ផងដែរ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី នៅចំណុច ផ្លូវកៅស៊ូលេខ១៥១ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យទាំង០៦នាក់ ទី១.ឈ្មោះ ប៊ុត សុផាន់ណារិទ្ធ ហៅកុយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ បដិមាករ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ទី២.ឈ្មោះ លាង ផល្លា ហៅឡា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ទី៣.ឈ្មោះ សែ រ៉ានុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ ទី៤.ឈ្មោះ ផល ចាន់សុភា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដែក មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ទី៥.ឈ្មោះ សៃ សីហា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដែក មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ទាំង៥នាក់នេះត្រូវបានឃាត់ខ្លួន និងទី៦.ឈ្មោះ ជិន រតនៈ ហៅម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល កំពុងរត់គេចខ្លួន។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ នៅវេលាម៉ោងប្រហែល១៨:០០នាទីជនររងគ្រោះបានជិះម៉ូតូជិះឌុបគ្នាចេញពីផ្ទះទៅផឹកស៊ីនៅចំណុចមាត់បឹងផ្សារដែក ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ពេលទៅដល់ខណៈកំពុងអង្គុយផឹកស៊ីស្រាបៀរជាមួយមិត្តភ័ក្តិ និងបងប្អូនសាច់ញាតិ រហូតដល់ម៉ោងប្រហែល២១:០០នាទី ថ្ងៃដដដែល ជនរងគ្រោះបានជិះម៉ូតូឌុបគ្នាចេញពីកន្លែងផឹក ហើយជិះដើរលេងមួយជុំតាមមាត់បឹងផ្សារដែក លុះពេលជិះម៉ូតូជិតដល់ត្រង់ផ្លូវកែវខាងជើងបឹង ស្រាប់តែជួបក្រុមជនសង្ស័យមានគ្នាសរុបចំនួន០៦នាក់ ជិះម៉ូតូ២គ្រឿង ភ្លាមនោះជនរងគ្រោះម្នាក់ដែលជិះពីក្រោយ បានដកខ្សែក្រវាត់ ពីចង្កេះវាយលើក្រុមបក្ខពួកជនសង្ស័យកំពុងជិះម៉ូតូ ០២គ្រឿងនោះ ពេលនោះជនសង្ស័យដែលជិះម៉ូតូចំនួន០២គ្រឿង ក៏បានបត់ម៉ូតូដេញតាមម៉ូតូរបស់ជនរងគ្រោះ ដោយមានកាន់កាំបិតនៅនឹងដៃផង ឃើញដូចនេះជនងរងគ្រោះសែលអង្គុយពីក្រោយកាន់ខ្សែក្រវាត់ ជាប់និងដៃនោះក៏ក្រវីខ្សែក្រវ៉ាត់ទៀត ឯកអ្នកបើកម៉ូតូចេះតែបន្ថែមល្បឿនយ៉ាងលឿន ព្រោះខ្លាចក្រុមជនសង្ស័យតាមទាន់ ខណៈមកដល់ចំណុចកើតហេតុបានជ្រុលបុកជាមួយម៉ូតូអ្នកដំណើរចំពីមុខមួយទំហឹង បណ្តាលឱ្យដួលខ្ទាតខូចខាតម៉ូតូទាំង០២គ្រឿង ចំណែកអ្នកបើកបរម៉ូតូទាំងសងខាងរងរបួសធ្ងន់ចំនួន០២នាក់ និងរបួសស្រាល០១នាក់។

ខណៈពេលនោះ ក្រុមជនសង្ស័យបានជិះម៉ូតូហួសទៅទិសខាងត្បូងពុំបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឡើយ ដោយបាននាំគ្នាជិះម៉ូតូត្រលប់មកទិសខាងជើងគេចខ្លួនបាត់តែម្តង ។ ចំណែកជនរងគ្រោះត្រូវបានអ្នកជិតខាង និងសាច់ញាតិរបស់ជនរងគ្រោះបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ក្រោយមកនៅយប់ថ្ងៃដដែល ជនរងគ្រោះដែលជាអ្នកបើកម៉ូតទាំងសងខាងបានស្លាប់បាត់បង់ជីវិតដូចគ្នា។

ជនរងគ្រោះ០២នាក់ ទី១.ឈ្មោះ ចន វិឆ័យ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដែលជាអ្នកបើកម៉ូតបានបាត់បងជីវិតនៅមន្ទីរពេទ្យ។
ទី២.ឈ្មោះ ម៉ៅ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពោធិ៍រ៉ាល ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ជាអ្នកជិះពីក្រោយរងរបួស។

លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ម៉ៅ ស្រីធី អាយុ២៩ឆ្នាំ ត្រូវបងស្រីរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក ប្តឹងទៅលើក្រុមជនសង្ស័យដែលមានគ្នាចំនួន០៦នាក់ ពុំស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួន០២គ្រឿង ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញវាយ និងកាប់ប្អូនរបស់ខ្លួន បណ្តាលឱ្យប្អូនរបស់ខ្លួន ភ័យខ្លាចបើកម៉ូតូរត់គេចខ្លួន ជ្រុលចង្កូតទៅបុកជាមួយម៉ូតូអ្នកដំណើរ ស្លាប់បាត់បងជីវិត និងម្នាក់ទៀតរងរបួស។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងសម្ថកិច្ចបានបើកការស្រាវជ្រាវករណីខាងលើ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យនិងបក្ខពួកចំនួន០៥នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ កាំបិតផ្គាក់១ដើម ខ្សែក្រវាត់០១ មួយខ្សែរ ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ព្រៃវែង 1L-0356 ជាម៉ូតូរបស់ជនសង្ស័យ។

ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ ប៊ុត សុផាន់ណារិទ្ធ បានឆ្លើយសារភាពថា មូលហេតុដែលពួកខ្លួនជិះម៉ូតូកាន់កាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ គឺដោយសារខឹងជនរងគ្រោះ ដកខ្សែក្រវាត់វាយពួកខ្លួនមុនហើយរូបខ្លួន និងបក្ខពួកបានជិះម៉ូតូដេញតាមកាប់វិញ គឺមិនទាន់បានកាប់ និងវាយទៅលើជនរងគ្រោះនោះទេ ជនរងគ្រោះភ័យខ្លាចបានបើកម៉ូតូលឿនគេចរទៅបុកជាមួយម៉ូតូ ០១គ្រឿងទៀត មួយទំហឹងបណ្តាលឱ្យដួលទាំង០២គ្រឿង ចំណែករូបខ្លួននិងបក្ខពួក ឃើញម៉ូតូបុកគ្នាដួលដូច្នេះ បាននាំគ្នាជិះម៉ូតូហួសបន្តិច រួចហើយបាននាំគ្នាជិះម៉ូតូត្រលប់មកទិសខាងជើងវិញគេចខ្លួន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.