សហគមន៍អេកូទេសចរណ៍ ព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងរៀបចំធ្វើទូកញ្ជក់ដាក់រូបសំណាកគ្រោងឆ្អឹងសត្វផ្សោតអភិរក្សទុកជាមរតក ដើម្បីបង្ហាញសត្វទឹកសាបមួយប្រភេទនេះ សម្រាប់ថ្ងៃអនាគត ឱ្យកូនចៅ និងភ្ញៀវទេសចរ បានឃើញនិងបានស្គាល់។

ក្នុងសកម្មភាពអភិរក្សគ្រោងឆ្អឹងសត្វផ្សោតមេគង្គ នៅថ្ងៃទី១៦ សីហានេះ លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិលបានរំលឹកថា ក្នុងសកម្មភាពអភិរក្ស សត្វផ្សោតដែលមានជីវិតនាពេលកន្លងមក សមាជិកសហគមន៍ បានប្រឹងប្រែង អស់លទ្ធភាពហើយ តែមិនទទួលបានផលល្អទេ ដោយសារសត្វផ្សោតចេះតែងាប់ម្តងមួយៗ រហូតមកដល់បច្ចុប្បន្ននៅសល់តែមួយក្បាលតែប៉ុណ្ណោះដែលកំពុងរស់ នៅក្នុងដែនទឹកតំបន់អេកូទេសចរណ៍នេះ។

លោកបន្តថា៖ អាជ្ញាធរស្រុក និងសមាជិកសហគមន៍បានឯកភាពគ្នា រៀបចំធ្វើជាទូកញ្ចក់ ខ្នាតធំដាក់ គ្រោងឆ្អឹងរក្សាទុក ហើយកិច្ចការងារនេះមន្ទីរទេសចរណ៍ក៏បានអន្តរាគមន៍ ជួយដែរបច្ចុប្បន្នសហគមន៍ទទួលបានថវិកា ពីសប្បុរសជននានាបានជាង១លាន៤សែន រៀលហើយ។ 

លោករឹទ្ធ ណារឿនប្រធានប្រចាំតំបន់ ទន្លេមេគង្គលើ  នៃអង្គការដៃគូ (WWF )អភិរក្ស សត្វផ្សោត  បានគាំទ្រគំនិតផ្តួចផ្តើមនេះ   ព្រោះវាជាយន្តការមួយបន្ថែម បានជួយរក្សា និរន្តភាពតំបន់ទេសចរណ៍ផ្សោតព្រះរំកិលនេះ កុំឱ្យបាតបង់ទៅថ្ងៃអនាគត់។

លោកបន្តថា៖ កិច្ចការអភិរក្សគ្រោងឆ្អឹងសត្វផ្សោតមេគង្គនេះ លោកនឹងពិគ្រោះយោបល់ ជាមួយផ្នែកពាក់ព័ន្ធ និងអង្គការដៃគូផ្សេងៗទៀត ដើម្បីរិះរកវិធីសាស្ត្រល្អៗ  និងថវិកាដើម្បីជួយទំនុកបំរុងឱ្យដំណើរការអភិរក្សឲ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិសត្វផ្សោតអន្លង់កោះឈើទាល ព្រះរំកិលនេះ បានបើកដំណើរការជូនភ្ញៀវទស្សានាបានជិត២០ឆ្នាំមកហើយ ៕

អត្ថបទ៖ វិមានមាសឥសាន្ត ស្ទឹងត្រែង

Share.