លោក Mohammed Shtayyeh និងរដ្ឋាភិបាលរបស់លោក បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីអនុញ្ញាតឱ្យមានការឯកភាពគ្នាទូលំទូលាយក្នុងចំណោមប្រជាជនប៉ាឡេស្ទីន អំពីការរៀបចំនយោបាយបន្ទាប់ពីសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNN នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Shtayyeh បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា «ខ្ញុំចង់ជម្រាបជូនក្រុមប្រឹក្សាកិត្តិយស និងប្រជាជនរបស់យើងថា ខ្ញុំបានដាក់ការលាលែងពីតំណែងរបស់រដ្ឋាភិបាលតាមការចាត់តាំងរបស់លោកប្រធានាធិបតី (Mahmoud Abbas) កាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយថ្ងៃនេះខ្ញុំដាក់ជាលាយលក្ខណ៍អក្សរ»។

ការលាលែងពីតំណែងនេះ ធ្វើឡើងនៅពេលដែលអាជ្ញាធរប៉ាឡេស្ទីន (PA) ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ដើម្បីធ្វើកំណែទម្រង់ និងកែលម្អអភិបាលកិច្ចរបស់ខ្លួននៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

លោក Shtayyeh ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៩ បានប្រាប់ទីភ្នាក់ងារ CNN កាលពីខែតុលា ថា មិនមានដំណោះស្រាយចំពោះជម្លោះរវាងអ៉ីស្រាអែល-ប៉ាឡេស្ទីន ដោយគ្មានសហរដ្ឋអាមេរិកនោះទេ ប៉ុន្ដេលោកបន្ថែមថា រដ្ឋបាលអាមេរិកបច្ចុប្បន្នមិនមានឆន្ទៈនយោបាយដើម្បីបញ្ចប់ជម្លោះនោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់គណៈរដ្ឋមន្រ្តី លោក Shtayyeh បាននិយាយថា ដំណាក់កាលបន្ទាប់ចាំបាច់ត្រូវពិចារណាពីភាពជាក់ស្ដែង ដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជិត ៥ខែមកនេះ។

បើតាមការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលប៉ាឡេស្ទីន សម្រាប់គោលនយោបាយ និងការស្រាវជ្រាវស្ទង់មតិកាលពីខែធ្នូ បានបង្ហាញថា ជាង ៦០% នៃប្រជាជនប៉ាឡេស្ទីនចង់ឱ្យ អាជ្ញាធរប៉ាឡេស្ទីន (PA) ត្រូវបានរំលាយ។

ទន្ទឹម​នឹង​នេះ ការ​គាំទ្រ​លោក​ប្រធានាធិបតី Abbas ដែល​កាន់​តំណែង​តាំង​ពី​ឆ្នាំ២០០៥ ក៏បាន​ដួល​រលំដែរ ដោយនៅតំបន់ West Bank អ្នកឆ្លើយសំណួរស្ទង់មតិប្រមាណ ៩២% ចង់ឱ្យលោក Abbas លាលែងពីតំណែង ដូចគ្នា។

ប៉ុន្ដែយ៉ាងណាម៉ិញ ការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន បច្ចុប្បន្ន មិនទាន់ត្រូវបានប្រធានាធិបតីទទួលយកនៅឡើយទេ ហើយអាចត្រូវបានស្នើសុំឱ្យបន្ដធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់មានការតែងតាំងជំនួសអចិន្រ្តៃយ៍។

គួររំលឹកថា អាជ្ញាធរប៉ាឡេស្ទីន (PA) ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរបស់ទីក្រុង Oslo អនុវត្តការគ្រប់គ្រងមានកម្រិតលើផ្នែកខ្លះនៃតំបន់ West Bank ដែលត្រូវបានកាន់កាប់ និងបានបាត់បង់អំណាចនៅក្នុងតំបន់ Gaza បន្ទាប់ពីសមរភូមិឆ្នាំ២០០៧ ជាមួយក្រុមហាម៉ាស់៕

ប្រភព៖ CNN

Share.