ទីក្រុងវ៉ាស៊ីនតោន៖ យោធា និងប៉ូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) ថា ទាហានអាកាសរបស់កងទ័ពអាកាសអាមេរិកម្នាក់ ដែលបានដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសកម្មភាពជាក់ស្តែងនៃការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា បានទទួលមរណភាពហើយ ដោយសារតែរបួសធ្ងន់ធ្ងរពេក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧត្តមនាវីឯក Aaron Bushnell អាយុ ២៥ឆ្នាំ ជាអ្នកឯកទេសប្រតិបត្តិការការពារតាមអ៊ីនធឺណិតជាមួយក្រុមជំនួយការស៊ើបការណ៍សម្ងាត់ទី៥៣១ បានស្លាប់ដោយសាររបួសក្នុងឧបទ្ទវហេតុនេះ។

ដោយឡែកវរសេនីយ៍ឯក Celina Noyes នៃកងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅពេលដែលសោកនាដកម្មបែបនេះកើតឡើង សមាជិកទាំងអស់នៃកងទ័ពអាកាសមានអារម្មណ៍ថាសោកសៅ។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អាកាសយានិកជាន់ខ្ពស់របស់យើង គឺ លោក Bushnell»។

មន្ត្រីអ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ប៉ូលិស​ក្រុង Columbia លោក Lee Lepe បាន​បញ្ជាក់​ពី​ការ​ស្លាប់នេះ ខណៈមន្ទីរបញ្ចកោណបាននិយាយថា ការស្លាប់នេះគឺជា «ព្រឹត្តិការណ៍សោកនាដកម្ម» ហើយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់។

នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រងុវ៉ាស៊ីនតោន លោក Bushnell ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីមន្រ្តីសេវាសម្ងាត់អាមេរិក បានពន្លត់អណ្តាតភ្លើងកាលពីថ្ងៃអាទិត្យ ក្នុងពេលកំពុងស្លៀកសម្លៀកបំពាក់ទាហាន និងបានផ្សាយផ្ទាល់ហេតុការណ៍នេះតាមអ៉ីនធឺណិត។

បុរស​នោះ​បាន​និយាយ​មុន​នឹង​ដុតខ្លួន​​នឯង ដោយ​ស្រែក​ថា «ដោះលែង​ប៉ាឡេស្ទីន» «ខ្ញុំ​នឹង​លែង​មាន​ជម្លោះ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍» នេះ​បើ​តាម​វីដេអូ​ដែល​បាន​ឃើញ​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ខណៈកាលពីខែធ្នូ មានស្ត្រីម្នាក់ដែលតវ៉ានឹងសង្គ្រាមរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន បានដុតខ្លួនឯងនៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែលនៅទីក្រុងអាត្លង់តាដូចគ្នានេះដែរ។

ឧបទ្ទវហេតុនេះ បានកើតឡើងចំពេលដែលការតវ៉ាពីការគាំទ្រប៉ាឡេស្ទីន និងការគាំទ្រអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១,២០០នាក់ និងចាប់មនុស្ស ២៥៣នាក់ជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារឆ្លងព្រំដែន។

ក្រោយរងការវាយប្រហារពីក្រុមហាម៉ាស កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ដោយបំផ្លាញតំបន់ឆ្នេរជាច្រើន និងមនុស្សប្រមាណជា ៣០,០០០នាក់ត្រូវបានបញ្ជាក់ថាត្រូវបានសម្លាប់ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន៕

ប្រភព៖ CNA

Share.