សិល្បៈ​អន្តរជាតិ​៖ រដ្ឋាភិបាល​ ឥណ្ឌូណេស៊ី គ្រោង​នឹង​តាម​មាគ៌ា​របស់​ប្រទេស​សិង្ហបុរី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រគំ​តន្ត្រី​ Taylor Swift នៅ​ក្នុង​ការ​ដេញ​ថ្លៃ​មួយ​ដើម្បី​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរណ៍​បរទេស​ស្នាក់​នៅ​​កាន់​តែ​យូរ​ និង​ចំណាយ​ប្រាក់​ក្នុង​ប្រទេស​ខ្លួន​កាន់​តែ​ច្រើន​។​

«យើង​ត្រូវ​ការ​ពឹង​លើ​ Taylor Swift ជំរុញ​សេដ្ឋីកិច្ច ដើម្បីវិស័យ​​ទេសចរណ៍​ឥណ្ឌូណេស៊ី​» នេះ​បើតាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រីទេសចរណ៍​លោក​ Sandiaga Salahuddin Uno បាន​ថ្លែង​​ប្រាប់​សារព័ត៌មាន​ Bloomberg។

ការ​លើក​ឡើង​របស់​លោក​រដ្ឋ​មន្ត្រី​នេះ​គឺ​យោង​ទៅ​តាម​អ្វី​ដែល​សិង្ហបុរី​បាន​ផ្ដល់​ឱ្យ​ Taylor Swift នូវ​ការ​ប្រគំតន្ត្រី​ខ្នាត​យក្ស​ ដើម្បីជា​ផ្នែក​មួយ​ជួយ​ទាក់​ចិត្ត​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​រូប​នេះ​ដែល​មាន​ឈ្មោះ​ថា​ «Swifties»

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​បញ្ចេញ​ប្រាក់​​ដើម​ទុន​​ចំនួន​១ពាន់​លាន​រូពី​ ឬ​ប្រមាណ​៦៤​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​អ្នក​រៀបចំ​កម្មវិធី​ដើម្បី​ធ្វើ​ការ​ដេញ​ថ្លៃ​បង្កើត​កម្មវិធី​ស្រដៀង​ទៅ​នឹង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ Taylor Swift នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ South China Morning Post។

កន្លង​មក​លោក​​នាយករដ្ឋ​មន្ត្រី​ថៃ​លោក​ Settha Tavisin បាន​ប្រាប់​វេទិការធុរកិច្ច​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ថា​ សិង្ហបុរី បាន​ចាយ​ឱ្យ​ Taylor Swift ចំនួន​១០០​លាន​បាត​ (ស្មើ​នឹង​២.៧៧​លាន​ដុល្លារ) សម្រាប់​ការ​សម្ដែង​១​ Show ជា​ថ្នូរ​នឹង​ការ​ដែល​តារា​ចម្រៀង​ប៉ុប​អាមេរិក​រូប​នេះ​សម្ដែង​តែ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​តែ​មួយ​គត់ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត​ Reuters

ប្រទេស​ឈាន​មុខ​គេ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ធំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​​ ក៏​មាន​ផែនការ​ផ្ដល់​ភាពងាយស្រួល​ដល់​ការ​សុំ​ទិដ្ឋិការ​ពី​ភ្ញៀវទេសចរណ៍​មក​ពី​បណ្ដាប្រទេស​ផ្សេង​ៗ​ ដើម្បី​ផ្ដល់​ឱ្យ​អ្នក​រៀបចំ​កម្មវិធីក្នុង​ស្រុក​កាន់​តែ​ស្រួល​ពង្រីក​ទំហំ​​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នានា។

កាល​ពី​ឆ្នាំ​មុន​ តាម​ដឹង​ប្រទេស​ឥណ្ឌូណេស៊ី​ មាន​ភ្ញៀវទេសចរណ៍​បរទេស​ចូលទៅកម្សាន្ត​ប្រមាណ​១១.៧​លាន​នាក់​ ហើយ​នៅ​ឆ្នាំ​ ២០២៤​ នេះ​ ឥណ្ឌូណេស៊ី​ ដាក់​គោល​ដៅ​​ធ្វើយ៉ាងណា​ត្រូវ​តែ​មាន​ភ្ញៀវទេសចរណ៍​ទៅ​កម្សាន្ត​ប្រទេស​ខ្លួន​ឱ្យ​បាន​ចំនួន​ ១៤​លាន​នាក់៕

Share.