កណ្តាល៖ ខឹងសុំលុយម្ដាយ១០ម៉ឺនរៀល យកធ្វើទូរសព្ទឱ្យសង្សារមិនបាន កើតចិត្តខឹង គំរាមចង់សម្លាប់ម្ដាយខ្លួនឯង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០:៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះឈ្មោះ សៀង ណារុណ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន ០២លើក ។ ចំណែក ជនរងគ្រោះមានឈ្មោះ ផូ លឹមរ៉ុម ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ​មុនកើតហេតុ ម្តាយ និងកូនប្រុស បន្ទាប់ពីហូបបាយរួច ជនសង្ស័យជាកូនប្រុស​បានសុំប្រាក់ពីម្តាយចំនួន១០ម៉ឺនរៀល ដើម្បីយកទៅប្តូរអេក្រង់ទូរស័ព្ទឱ្យសង្សារខ្លួន ភ្លាមនោះជនរងគ្រោះបានឆ្លើយថាគ្មានប្រាក់ឱ្យទេ បានធ្វើឱ្យជនសង្ស័យខឹង ដោយបាននិយាយគំរាមជនរងគ្រោះជាម្តាយឱ្យប្រយ័ត្នខ្លួនផង និងរកដុតផ្ទះចោល ដោយជនសង្ស័យបាននិយាយថា ខ្លួនមិនខ្លាចនរណាទេ សូម្បីតែសមត្ថកិច្ច ក៏មិនខ្លាចដែរ និយាយរួចជនសង្ស័យបានចាប់កាន់កាំបិតផ្គាក់ នៅនិងដៃស្រែកគំរាមកំហែងថា និងសម្លាប់ជនរងគ្រោះជាម្តាយ ឮ ដូចនោះជនរងគ្រោះភ័យខ្លាច ក៏រត់ពួននៅផ្ទះអ្នកជិតខាងតែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ យកមកសួនាំដោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់កាន់កាំបិតផ្គាក់នៅនិងដៃ គំរាម្តាយពិតប្រាកដមែន។បច្ចុបន្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖កណ្តាល

Share.