កណ្តាល៖ យុវជនម្នាក់បន្ទាប់មកពីដើររើសអេតចាយវិញ ជូមាត់បានដើរទៅរកកន្លែងស្ងាត់ ដើម្បីជក់គ្រឿងញៀន ​ខណៈកំពុងជក់សុខៗ ស្រាប់តែបង្កជាអណ្តាតភ្លើងឆាបឆេះ​រោងដាក់ទូកមួយកន្លែង ផ្អើលពលរដ្ឋ​ក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣:០៥នាទី នៅភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ផន និត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។ មានសារធាតុញៀននូវក្នុងទឹកនោម ។

តាមរបាយការណ៍សកមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១:៣០នាទី ជនសង្ស័យ បន្ទាប់ពីមករើសអេតចាយវិញ បានប្រើប្រាស់គ្រឿងញៀន ពេលនោះជនសង្ស័យក៏បានដើរទៅក្នុងរោងដាក់ទូកមួយកន្លែង ស្ថិតក្នុងភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល ក្នុងគោលបំណងចង់ប្រើប្រាស់គ្រឿងញៀន ខណៈទៅដល់ក្នុងរោង ជនសង្ស័យបានប្រើដែកកេះដុតទៀនដើម្បីរោលកម្លោចថ្នាំញៀនជក់ ពេលកំពុងជក់នោះមិនប្រយ័ត្នបានធ្វើឱ្យភ្លើងឆេះ ហើយជនសង្ស័យក៏បានរត់ចេញពីកន្លែងកើតហេតុតែម្ដង។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច កម្លាំងផ្នែកជំនាញ និងកម្លាំងអន្ដរាគមន៍ក្រុងសំពៅពូន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលព្រែកស្ដី ចុះទៅកន្លែងកើតហេតុ ដើម្បីជួយពន្លត់អគ្គិភ័យឱ្យរលត់ទាំងស្រុងនឹងបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យ យកទៅចាត់ការតាមនីតិវិធី។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ទីតាំងរងគ្រោះមានឈ្មោះ គឺ ស៊ាងអ៊ន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។ បានខូចខាតរោងធ្វើអំពីឈើ សសរឈើ ប្រក់សង្ក័សី ទំហំ១០ម៉ែត្រ x ២០ម៉ែត្រ ឆេះទាំងស្រុង ឆេះទូកធ្វើអំពីឈើ ចំនួន០៣គ្រឿង៕

អត្ថបទ៖ កណ្តាល

Share.