ក្រុម​ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាន​រៀប​ចំសន្និសីទសារព័ត៌មាន​ស្ដីពី ចាប់ឆ្នោតចែកពូលការប្រកួត ប្រកួត «ពានរង្វាន់​បាល់​ទាត់​ក្រសួង​មហាផ្ទៃ» លើកទី១ ឆ្នាំ២០២៤ ដែល​មាន​ ១៥ក្រុម​ចូល​រួម​។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើង​កាល​ពី​រសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ នៅ​មជ្ឈមណ្ឌល​កីឡា​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សា កីឡក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បាន​ថ្លែង​អំណរគុណ​ដ៏ជ្រាល​ជ្រៅ​ជូន​ចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល​តែង​តែយក​ចិត្តទុកដាក់ដល់សុខភាពមន្ត្រីរាជការក្រោមឱវាទដោយផ្ដល់អនុសាសន៍ និង​ជំរុញ​ឱ្យមាន​ការរៀប​ចំព្រឹត្តិការណ៍ប្រកួតនេះឡើង។

ឯកឧត្តម មានប្រសាសន៍ថា នេះជាការ​ប្រកួតបាល់ទាត់​រង្វាន់មិត្តភាព​សម្រាប់​មន្ត្រីរាជការ​ចំណុះ​ក្រ​សួង​មហាផ្ទៃលើកដំបូង។ ព្រឹត្តិកាណ៍​នេះ រៀបចំឡើង​គោល​បំណង​ដើម្បីរឹតចំណងមិត្តភាព សាម​គ្គីភាព ក៏​ដូច​ជាលើកកម្ពស់វិស័យកីឡាជាតិ និងសុខភាពសម្រាប់មន្ត្រីរបស់ក្រសួងមហាផ្ទៃ។ឯក​ឧត្តម​បន្ថែម​ថា ការរៀប​ចំ​លើក​ដំបូង​នេះ​មិនទាន់គ្រប់គ្រាន់ទេ និងអគ្គនាយកដ្ឋានជំនាញក៏មិនទាន់​បាន​ចូលរួមទាំងអស់សម្រាប់​ការ​ចូល​រួម​ប្រកួត​លើក​ដំបូង​នេះ ដោយ​នៅសល់ ៤អគ្គនាយក​ដ្ឋាន​ទៀត។

ឯកឧត្តម បាន​បន្ត​ថា​សម្រាប់ឆ្នាំក្រោយៗ ​នឹងរៀប​ចំឲ្យមាន​គ្រប់អគ្គនាយ​កដ្ឋាន​ទាំង​អស់​ចូល​រួម។ ជាពិសេសគ្រោងនឹងរៀបចំឲ្យមន្ទីរតាមបណ្តាខេត្តនានាចូលរួមប្រកួតទៀតផង។ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ក្រសួងមហាផ្ទៃលើកដំបូងនេះ បុគ្គលិក​ជាមន្ត្រីរាជ​ការគ្រប់​អាយុ​របស់​ក្រសួង​មហា​ផ្ទៃ​អាច​ចូលរួមប្រកួតបាន ប៉ុន្តែសម្រាប់កីឡាករអាជីព និង​កីឡាករធ្លាប់លេងអាជីពក្រោមអាយុ ៤០​ឆ្នាំ​មិនអនុញ្ញាត​ឲ្យចូលរួមប្រកួតបានឡើយ។

ការរៀបចំលើកទី១ នេះមានការចូលរួមពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លិបអគ្គលេខាធិការដ្ឋាន ក្លិបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៥ក្លិប បែងចែកជា ៤ពូល​មាន​ដូច​ខាង​ក្រោម៖

ពូល A
-ក្រុមប្រឹក្សាកីឡាក្រសួង​មហាផ្ទៃ
-ក្រុមសាលាជាតិ​រដ្ឋបាលមូលដ្ឋាន
-ក្រុម​អគ្គនាយកដ្ឋាន​រដ្ឋបាល
-ក្រុមអគ្គាធិការដ្ឋាន
ពូល B
-ក្រុមអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
-ក្រុម​ប្រឹក្សានីតិកម្ម
-ក្រុម​ខុទ្ទកាល័យរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ
-ក្រុមអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម
ពូល C
-ក្រុមអគ្គនាយកដ្ឋាន​ពន្ធនាគារ
-ក្រុមបណ្ឌិតសភានគរបាលកម្ពុជា
-ក្រុម​អគ្គនាយកដ្ឋាន​ឌីជីថល និង​ផ្សព្វផ្សាយអប់រំ
-ក្រុមអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍
ពូល D
-ក្រុមអគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង
-ក្រុមអគ្គលេខាធិការដ្ឋាន​កក្រសួង​មហា​ផ្ទៃ
-ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ

កម្មវិធីប្រកួត មានដូច​ខាង​ក្រោម៖

ឯកឧត្តម សរ សិទ្ធិ ក៏បានថ្លែងអំណរគុណដល់ក្លឹប​ទាំងអស់ដែល​បានខិតខំ​រៀបចំឱ្យ​មានកីឡាករ​បានចូល​រួមប្រកួត «ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី១ ឆ្នាំ២០២៤ លើកទី១ នេះក្នុង​ស្មារតី​ស្រ​លាញ់​កីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ទោះបីជាពុំបាន ១០០ភាគរយយ៉ាងណាក្ដី ក៏ប៉ុ​ន្តែ​ការ​ចូលរួមនេះគឺបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំស្របតាមអនុសាសន៍ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០១ ខែមីនា និងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយពិធីបើក-បិទ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្រោម​អធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​លោក​ជំទាវ៕

Share.