ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាប់ការតាមផ្លូវច្បាប់ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(២៣០០០ដុល្លារ)។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០និង១០នាទី កម្លាំងការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាល នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈួន ហួរ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ ១២៧អ.យ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ លេីឈ្មោះ សុខ ស័ក្កបញ្ញាណិត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ បុរីហុងឡាយ ផ្លូវលេខ៥ ផ្ទះលេខ១៩ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួន បានត្រង់ ចំណុច អគារលេខ២២៣  មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស្វាយ សារ៉ាតតារាវុធ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សុខ ស័ក្កបញ្ញាណិត បានទំនាក់ទំនងនិងលួងលោមជនរងគ្រោះ ដើម្បីធ្វើការដាក់ទុនរកស៊ីក្នុងទំហំទឹកប្រាក់ចំនួន២៣០០០ដុល្លារ ដោយបានធានាអះអាងថានឹងប្រគល់ប្រាក់មកជនរងគ្រោះគ្រប់ចំនួនវិញក្នុងរយៈពេល៣ខែ។

ដោយជឿទុកចិត្តជនរងគ្រោះបានប្រគល់ប្រាក់សុទ្ធចំនួន២៣០០០ដុល្លារ ទៅឲ្យជនសង្ស័យ នៅចំណុចក្នុងបុរីហុងឡាយ ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃកំណត់ជនសង្ស័យឈ្មោះ សុខ ស័ក្កបញ្ញាណិត មិនបានប្រគល់ប្រាក់ចំនួន២៣០០០ដុល្លារ មកឲ្យជនរងគ្រោះនោះទេ។ ក្រោយមកជនសង្ស័យឈ្មោះ សុខ ស័ក្កបញ្ញាណិត និងប្រពន្ធឈ្មោះ សូវា៉ត ជីតាណា ក៏បានចេញមូលប្បទានប័ត្ររបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA) ចំនួន២សន្លឹក ដោយមួយសន្លឹកមានទឹកប្រាក់៩០០០ ដុល្លារ និងមួយសន្លឹក១៤០០០ ដុល្លារ មកឲ្យជនរងគ្រោះ។

ក្រោយពីទទួលបានមូលប្បទានប័ត្រចំនួន២សន្លឹករួច ជនរងគ្រោះបានយកមូលប្បទានប័ត្រខាងលើទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធានាគារ បញ្ជាក់ថា មូលប្បទានប័ត្រខាងលើនេះមិនមានសាច់ប្រាក់ក្នុងគណនីទេ។ ក្រោយមកជនរងគ្រោះបានព្យាយាមទាក់ទងទៅជនសង្ស័យ តែមិនមានដំណោះស្រាយទើបជនរងគ្រោះសម្រេចប្តឹងទៅសមត្ថកិច្ចតែម្តង៕

អត្ថបទ៖ ចតុមុខ

Share.