កណ្តាល៖ បុរស់ម្នាក់ បន្ទាប់ពីសុំលុយម្តាយចំនួន៦០០ដុល្លារ យកទៅការប្រពន្ធនៅខេត្ត ក្រចេះមិនបាន កើតជាកំហឹង ទាញដំបង និងកាំបិតកាប់បំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះបែកខ្ទេចគ្មានសល់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី ស្ថិតនៅក្នុងភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ព្រឿង ភឿង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ មានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ មានផ្ទុកសារធាតុញៀន។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យកាលពីពេលកន្លងទៅ ធ្លាប់បានជាប់ពន្ធនាគារ ខេត្តកណ្តាល ម្តងរួចមកហើយ ពីបទធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវបានតុលាការចេញដីការបង្គាប់ឱ្យដោះលែង កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២៣ ។ លុះរហូតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:១០នាទី ជនសង្ស័យ បានធ្វើដំណើរត្រលប់មកពីខេត្តក្រចេះវិញ នៅពេលមកដល់ផ្ទះបាននិយាយសុំលុយពីជនរងគ្រោះ ដែលជាម្តាយបង្កើតចំនួន៦០០ដុល្លារ ដើម្បីយកទៅរៀបការ ប្រពន្ធនៅខេត្តក្រចេះ ។

ប៉ុន្តែជនរងគ្រោះ បាននិយាយប្រាប់ថា គាត់គ្មានលុយនោះទេ ហេតុដូចនេះហើយទើបបានជាជនសង្ស័យខឹងនិងម្តាយជាខ្លាំង ក៏បានទាញយកដំបងឈើជ្រុងយកទៅវាយលើទូកញ្ចក់ សម្រាប់ដាក់ខោរអាវបែកខ្ទេចខ្ទីអស់ ០១ និងបានបោកកូនជ្រូកដីសម្រាប់សន្សំលុយបែកខ្ទេចខ្ទី ព្រមទាំងបានទាញយកកាំបិតប៉័ងតោ យកទៅកាប់បំផ្លិចបំផ្លាញដើមចេកបន្ថែមទៀត។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង ដើម្បីឱ្យសមត្ថកិច្ចនគរបាលឃាត់ខ្លួនកូនប្រុស យកមកចាត់ការតាមនីតិវិធីច្បាប់។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ព្រឿង ភឿង បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិង កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.