កណ្តាល៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ និងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្ខពួក៧នាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពស្ទាក់វាយទៅលើក្រុមក្មេងទំនើងមួយក្រុមទៀត បណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០១:៤៥ នាទី នៅចំណុច មុខវត្តឥន្ទនិម្មិត ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនសង្ស័យឃាត់ខ្លួនបានមាន ឈ្មោះ ខេង សុធា ហៅរាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកបក្ខពួកកំពុងរត់គេចខ្លួន ទី១.ឈ្មោះ ជា សុភា ហៅជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ ទី២.ឈ្មោះ ឡៃ កួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ទី៣.ឈ្មោះ សឿន ច័ន្ទរតនៈ ហៅស៊ីង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ទី៤.ឈ្មោះ ថាត ស៊ីណេត ហៅណេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ទី៥.ឈ្មោះ ជាតិ សំណាង ហៅពាក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ទី៦.ឈ្មោះ វ៉ាន់ ស៊ីមាន ហៅមាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ទី៧.ឈ្មោះ ភារ: គ្រីត ហៅតុល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទាំង៧នាក់រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រពភ័ព៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១២:០០ នាទីយប់ ជនរងគ្រោះ និងបក្ខពួកបានជិះម៉ូតូ ០៤គ្រឿងមានគ្នាចំនួន១១នាក់ ចេញពីផ្ទះកាត់សក់នៅឃុំព្រែកទន្លាប់ មកក្លឹបកំសាន្តមីស្ទើលេង នៅឃុំព្រែកដាច់ ដើម្បីផឹកស៊ី លុះដល់ម៉ោងជិត០២:០០នាទីយប់ ក៏បាននាំគ្នាចេញមកវិញផ្ទះ ជិះម៉ូតូមកដល់មុខវត្តព្រែកតូច ក៏មានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា ចំនួន០៨នាក់ ពួននៅក្លោងទ្វារវត្តឥន្ទនិម្មិត្ត (ហៅវត្តព្រែកតូច) បានយកដុំថ្ម និងកំណាត់ឈើគប់មកលើក្រុមខ្លួន បណ្តាលឱ្យរបួស២នាក់ ហើយក្រុមជនសង្ស័យដែលជាក្រុមក្មេងទំនើងទាំង០៨នាក់ បាននាំគ្នារត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះម្នាក់រងរបួសធ្ងន់ត្រូវបានបក្ខពួក និងក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ អ្នកលឿងត្រើយខាងកើត។ លុះព្រឹកឡើងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារបានបន្តបញ្ជូន ទៅមន្ទីរពេទ្យព្រះអង្គឌួង និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ឱ្យជួយស្រាវជ្រាវរក្រុមជនសង្ស័យ។

ជនរងគ្រោះទាំងពីរនាក់ ទី១.ឈ្មោះ រ៉ុម ថារី ហៅហានី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ ២.ឈ្មោះ វ៉ា លីនដា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ក្រោយពីទទួលពាក្យបណ្តឹង រួចកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និងផ្នែកពិនិត្យវិភាគស្រុក ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ យកមកផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក ដើម្បីសាកសួរ និងស្រាវជ្រាវតាមចាប់ខ្លួនបក្ខេពួកផ្សែងទៀត ដែលកំពុងត់គេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវិធី ៕

អត្ថបទ៖កណ្តាល

Share.