លោក Anthony John McMullen អតីត​គ្រូ​បង្វឹក​អ្នកចាំទី​ក្នុង​ក្លិប​បាល់ទាត់​វិសាខា សមាជិក​លីគ​កំពូល​ប្រទេស​កម្ពុជា Cambodian Premier League បាន​រក​ឃើញ​ទ្រនំ​ថ្មី​ហើយ ក្រោយ​ចាកចេញ​ពី​កីឡដ្ឋាន​ព្រីនស៍ ពោល​គឺ​ចូលរួម​ជាមួយ​ក្លិប​មាន​អាយុកាល​៩៧​ឆ្នាំ Valmiera FC សមាជិក​ពានរង្វាន់​លីគ​កំពូល​ប្រទេស​​ឡាតវី TonyBet Virslīga ក្នុង​ទ្វីប​អឺរ៉ុប។

ក្លិបValmiera FC បាន​​ប្រកាស​នាំ​ចូល​បុរស​ជនជាតិ​អង់គ្លេស Anthony John McMullen នៅ​​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០២៤ ថ្មីៗ​នេះ គឺ​មុន​៦​ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​រដូវកាល​ថ្មី​ឆ្នាំ​២០២៤ របស់​ខ្លួន ដែល​ដំណើរការ​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​ឡាតវី មាន​​សមាជិក​ចំនួន​១០​ក្រុម ដោយ​ត្រូវ​ប្រកួត​វិលជុំ​ចំនួន​​១៨០​ប្រកួត ទើប​ស្វែង​រក​ឃើញ​ម្ចាស់​ជើង​ឯក​​ប្រចាំ​ឆ្នាំ ខណៈ​ក្លិប Valmiera FC ​កាល​ពី​រដូវកាល​មុន​ឈរ​ចំណាត់​ថ្នាក់​លេខ៤។ ក្រុម​ជើង​ឯក​មាន​ឈ្មោះ​ទៅ​ប្រកួត​ពានរង្វាន់​ទ្វីប​អឺរ៉ុប Champions League first qualifying round និង​ក្រុម​លេខ​២​មាន​ឈ្មោះ​ទៅ​ប្រកួត​ពានរង្វាន់​ទ្វីប​អឺរ៉ុប Conference League first qualifying round។ ក្រុម​បាត​តារាង​ត្រូវ​កាត់​ចេញ​ទៅ​ប្រកួត​​លីគ​ទី២ នៃ​ប្រទេស​ឡាតវី ហើយ​ក្រុម​លេខ​៩ ត្រូវ​ប្រកួត​ជម្រុះ​រក្សា​កៅអី​ក្នុង​លីគ​ជា​បន្ត។

លោក Anthony John McMullen បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ពី​ដើម​ឆ្នាំ​២០២៣ ដោយ​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប​វិសាខា នៅ​ថ្ងៃ​​ទី៥ ខែ​មករា ហើយ​ចែក​ផ្លូវគ្នា​វិញ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​មក​ប្រកប​អាជីព​នៅ​ទ្វីប​អាស៊ី ខណៈ​កន្លង​មក​លោក​ធ្លាប់​តែ​ធ្វើការ​នៅ​ទ្វីប​អឺរ៉ុប ប៉ុណ្ណោះ។ លោក​ជា​ក្រុម​ការងារ​របស់​លោក​គ្រូ​បង្កោល Simon McMenemy៕

Share.