ភ្នំពេញ៖ ក្រសួងព័ត៌មានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមសហការក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ នេះបើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម បានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន កាលពីសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ ។

កិច្ចប្រជុំនេះបានផ្តោតការពិភាក្សាលើហានិភ័យ និងផលប៉ះពាល់ដល់សីលធម៌សង្គម និងសុខុមាលភាពសាធារណៈ ដែលអាចបណ្តាលមកពីការផ្សព្វផ្សាយពាណិជ្ជកម្មជ្រុលហួសហេតុ ក៏ដូចជាបានផ្តោតលើតួនាទី និងការចូលរួមសហការពីក្រុមហ៊ុនផលិត ចែកចាយនិងលក់ផលិតផលគ្រឿងស្រវឹង ព្រមទាំងក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងការអនុវត្តនូវរាល់សេចក្តីណែនាំនានារបស់ក្រសួង ក៏ដូចជាលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធជាធរមាន។

តាមការបញ្ជាក់របស់ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីពេលកន្លងទៅនេះ បានជួបពិភាក្សារួចមកហើយជាមួយម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងគ្រឹះស្ថានផ្សព្វផ្សាយ ដើម្បីបង្កើនកិច្ចសហការក្នុងការ គ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប។

ដោយកន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មានបានក្រើនរំលឹកអំពីភាពចាំបាច់ក្នុងការពង្រឹងការអនុវត្តវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងគោលបំណងទប់ស្កាត់សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មជ្រុលហួសហេតុប៉ះពាល់ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ដោយក្រសួងបានផ្សព្វផ្សាយ និងណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យ៖

១-បញ្ឈប់ការប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀងប្រដាល់ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ។

២-ពិធីករពិធីការិនី ដែលជាមនុសមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាសកំប៉ុងស្រាបៀរពិសា និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម។

៣-ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធានាតុល្យភាពខ្លឹមសារបែបពាណិជ្ជកម្ម និងខ្លឹមសារអប់រំ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងពីសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការសហការអនុវត្តដើម្បីធានាការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងឱ្យមានប្រសិទ្ធភាព នឹងបានគូសបញ្ជាក់ទៀតពីភាពចាំបាច់ដែលគ្រប់ភាគីទាំងអស់ត្រូវចូលរួមសហការក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលិគ្រឿងស្រវឹង ដោយឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ការរួមគ្នាគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺដើម្បីជួយទៅដល់សង្គម ជួយទៅដល់ក្រុមហ៊ុន និងជួយទៅដល់ប្រជាជនកម្ពុជាដែលជាអ្នកប្រើប្រាស់ផលិតផល , កាត់បន្ថយគ្រោះថ្នាក់ និងបង្កើននូវសុខដុមនីយកម្មក្នុងសង្គម»។

តំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានចូលរួមប្រជុំ បានបង្ហាញនូវការគាំទ្រចំពោះវិធានការ និងការសម្រេចនានា ដែលក្រសួងបានផ្តួចផ្តើម និងបានដាក់ចេញសម្រាប់ការអនុវត្ត ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។ ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្ត ក្រសួងព័ត៌មានកំពុងប្រមូលធាតុចូលសម្រាប់រៀបចំក្រុមការងារបច្ចេកទេសមួយឡើង ដើម្បីសម្របសម្រួលការងារ ទំនាក់ទំនង កិច្ចពិភាក្សាស្វែងរកដំណោះស្រាយ និងសម្របសម្រួលការគ្រប់គ្រងបច្ចេកទេសពាក់ព័ន្ធនឹងការផលិតស្ពតពាណិជ្ជកម្ម ក៏ដូចជាបច្ចេកទេសផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីធានាការគោរពក្រមសីលធម៌ និងការអនុវត្តដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ជាធរមាន៕

អត្ថបទ៖ សង្គម

Share.