កណ្តាល៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីលួចគាស់ថតតុលួចលុយប្រមាណ៣ពាន់ដុល្លារ​ និងគ្រឿងអលង្ការមួយចំនួន កាលពីនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០១:០០នាទីរំលងអធ្រាត្រ ស្ថិតនៅចំណុចភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនសង្ស័យមានគ្នា០៤នាក់ ទី១.ឈ្មោះ ណាង ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ២.ឈ្មោះ ណាង ស្រីណែត ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន។ ៣.ឈ្មោះ វី នីធាង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ (ឃាត់ខ្លួន។
៤.ឈ្មោះ ចំរើន រតនា ហៅម៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាកែវទី១ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។



តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកជនសង្ស័យ២នាក់ ធ្លាប់ធ្វើការនៅឃ្លាំងរបស់ជនរងគ្រោះ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទី ជនរងគ្រោះបានបិទទ្វាររបងខាងមុខ តែមិនបានបិទទ្វារក្នុងឃ្លាំងទេ ហើយជនរងគ្រោះបានទុកលុយនៅក្នុងថតតុធ្វើពីឈើ មានប្រាក់ដុល្លារចំនួន២,០០០$ ប្រាក់រៀលចំនួន៤,០០០,០០០រៀល និងខ្សែកផ្លាកទីន ០១ខ្សែ រួចជនរងគ្រោះក៏ទៅដេកនៅផ្ទះរបស់ខ្លួនបាត់ទៅ។

លុះព្រឹកឡើងវេលាម៉ោង០៦ព្រឹក ជនរងគ្រោះបានមកបើកទ្វាររបងឃ្លាំងរបស់ខ្លួនដើម្បីយកប្រហិតបោះទៅឱ្យម៉ូយស្រាប់តែឃើញទ្វារថតតុខាងក្រោមចំហ ហើយពិនិត្យមើលឃើញថាបាត់ប្រាក់ និងគ្រឿងអលង្ការដែលទុកនៅក្នុងថតតុនោះអស់ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុង កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍ បានចុះស៊ើបអង្កេតស្រាវជ្រាវ កសាងសំណុំរឿង ស្វែងរកអត្តសញ្ញាណជនសង្ស័យ។

ក្រោយការស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបមកដល់ថ្ងៃទី០៥ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង ១២:០០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍សន្លុង បានចុះស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាបាន និងហៅឈ្មោះ ណាង ស្រីណែត ឈ្មោះ ណាង ស្រីនាង និងឈ្មោះ វី នីធាង មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល នៅចំពៅះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួនទាំង០៣នាក់ រួមជាមួយឈ្មោះ ចំរើន រតនា ហៅម៉ៃ ពិតជាបានប្រព្រឹត្តអំពើលួចយកប្រាក់ របស់ជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំនុំរឿងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.