ឧត្ដរមានជ័យ ៖ ស្ត្រីជាម្ចាស់បំណុលម្នាក់ ត្រូវបានស្ត្រីជាកូនបំណុល យកកាំបិតចុងស្រូច ចាក់អា.ក. ស្លាប់ភ្លាមៗនៅកន្លែង ហើយរត់គេចខ្លួនទៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយភាគីថៃ ចាប់ខ្លួននាំយកមកវិញ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៤ នៅចំណុចក្នុងប្រឡាយ ស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

តាមសម្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មខាងលើ ជនសង្ស័យ ឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហឹ សុវណ្ណចរិយា ហៅអឿន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យជាកូនបំណុល រីឯជនរងគ្រោះជាម្ចាស់បំណុល ហើយមុនកើតហេតុ ជនរងគ្រោះបានទៅទារលុយ ពីជណសង្ស័យ ខឹងមិនបានក៏ប្រើពាក្យសម្តីធ្ងន់ៗ ធ្វើឱ្យជនសង្ស័យខឹង តឹងសរសៃកដាក់គ្នាមួយប្រ៉ាវហើយ ជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់អា.ក. ជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។

ក្រោយពីសម្លាប់ជនរងគ្រោះហើយ ជនសង្ស័យប្រមូលយកលុយកាក់ ទូរស័ព្ទ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួចរត់គេចទៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ។

ករណីឃាតកម្មខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញស្រុក ស្នងការខេត្ត ចុះទៅពិនិត្យស្រាវជ្រាវ រហូតដល់ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៦ សមត្ថកិច្ចសហការជាមួយ សមត្ថកិច្ចខាងភាគីប្រទេសថៃ ចាប់ខ្លួនជនសង្ស័យ រួចនាំផ្នែកជំនាញ ក្រុងសំរោង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.