ត្បូងឃ្មុំ៖ ក្រុមអាជីវករលក់នៅលើលូរទឹកស្អុយ រអ៊ូរទាំរឿងថៅកែផ្សារស្ទឹង ដឹងតែយកលុយ មិនខ្វល់ពីអនាម័យ សោះ ដោយបណ្តោយឱ្យទីតាំងផ្សារនេះ មានទឹកខ្មៅក្រខ្វក់ លាយឡំដោយសត្វដង្កូវនៅក្នុងកាកសំណល់ និងក្លិនស្អុយរាប់សិបខែឆ្នាំមកហើយ នៅចំណុចផ្សារស្ទឹង ភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃុំ។

អាជីវករអ្នកលក់ដូរ មានលក់មាន់ លក់ត្រី លក់សាច់ជ្រូក លក់បន្លែ និងលក់ផ្លែឈើ បានលើកឱ្យក្រុមការងារត្រយងយើងដឹងថា ពួកគាត់ពិតជាលំបាកនឹងធំក្លិនស្អុយនេះណាស់ តែដោយសារកត្តាជីវភាព ទើពួកគាត់ទាំ្រលក់ក្នុងសភាពបែបនេះរហូតមកដល់ពេលនេះ។ ក្នុងគ្រាដ៏លំបាកនេះ ពួកគាត់បានស្មើឱ្យថៅកែផ្សារ អាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធជួយដោះស្រាយ មេត្តាបូមទឹកស្អុយចេញផង ព្រោះពួកគាត់អាចប្រឈមនឹងសុខភាពយ៉ាងធ្ងន់ធ្ងរ។ 

តាមក្រុមអាជីវករផ្សារស្ទឹងបានលើកឡើងបន្តទៀតថា ការតស៊ូលក់ដូរនៅលើលូរនេះគឺជាយូរឆ្នាំមកហើយ ដោយគ្មានកន្លែងលក់ ចេះតែនាំគ្នាទ្រាំលក់ទៅ ពួកគាត់តែងស្មើសុំឲ្យថៅកែផ្សារជួយបូមទឹកស្អុយចេញពីលូរផង ថៅកែផ្សារ បានត្រឹមតែថា ចាំដោះស្រាយបូមជូនតាំងពីមុនភ្ជុំបិណ្ឌមកម្លេះ តែពុំដែលបានធ្វើម្តងណាទេ គឺសន្យាខ្យល់រហូត។

ជាមួយគ្នានេះដែរ ក្រុមអាជីវករ ក៏បានស្នើរសុំឱ្យអាជ្ញាធរស្រុក បរិស្ថានខេត្ត ចុះត្រួតពិនិត្យបញ្ហាក្លិនស្អុយ និងសំរាមមុខផ្សារទីតាំងជាប់ផ្លូវជាតិលេខ៧ផង ព្រោះក៏គ្មានការរៀបចំធុងដាក់ឱ្យបានត្រឹមត្រូវដែរ ដែលជាហេតុធ្វើឱ្យមានក្លិនស្អុយស្ទើរព្រពេញផ្សារតែម្តង។ 

ទាក់ទងនឹងបញ្ហាលូរមានក្លិនស្អុយ និងគំនរសំរាមនេះដែរក្រុមអាជីវករបានស្នើរសុំនេះដែរ ក្រុមការងារយើងបានទាក់ទងទៅ លោកស្រី ញែម ឆេងគីម ថៅកែផ្សារស្ទឹង តាមទូរស័ព្ទនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១២ និង៣០នាទីនេះជាច្រើនដង ដើម្បីសុំការបរិយាយ តែពុំអាចទំនាក់ទំនងបាននោះទេ ។ ដូចគ្នានេះដែរ លោក លី ភីលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែកបានបញ្ជាក់ថា ជុំវិញបញ្ហាសំរាមនេះ ចាំស្រុកដាក់កម្លាំងចុះទៅពិនិត្យមើលជាក់ស្តែងសិន៕

អត្ថបទ៖ សាន វីឡែម

Share.