នៅ​អំឡុង​ពេល ៥ ថ្ងៃ​ដើម​ខែ​មីនា ឆ្នាំ ២០២៤​នេះ យុវជន​ដែល​ជា​សិក្ខាកាម​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ៥ ៣០០ នាក់ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធិ​ជាតិ​ជំនួយ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​យុវជន​ទាំងនេះ គឺ​ជា​សិក្ខាកាម​ក្រុម​ដំបូង​គេ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ប្រាក់​ប្រចាំ​ខែ​អំឡុង​ពេល​ដែល​ពួក​គេ​កំពុង​សិក្សា​ជំនាញ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្ដម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

ឯកឧត្ដម​បាន​បញ្ជាក់​បន្ថែម​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ២០២៤ មាន​យុវជន​ចុះ​ឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ សរុប ២៧ ៣៩៦ នាក់ ក្នុង​នោះ ស្រី​មាន​ចំនួន ៩ ៤៨៤ នាក់។ យុវជន​ទាំង​នេះ​មក​ពី រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កណ្ដាល និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ដោយ​ពួក​គេ​កំពុង​សិក្សា​លើ​ជំនាញ​អគ្គិសនី និង​ថាមពល អេឡិចត្រូនិក កម្មន្តសាល មេកានិច​ទូទៅ មេកានិច​រថយន្ត ធុរកិច្ច និង​ព័ត៌មានវិទ្យា សេវាកម្ម បរិក្ខារ​ត្រជាក់ និង​កម្ដៅ ទេសចរណ៍ កសិកម្ម និង​កសិ-ឧស្សាហកម្ម។

សូម​រំឭក​ថា កាល​ពី​ពាក់​កណ្ដាល ខែ​វិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ាណែត បាន​ប្រកាស​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ចំនួន​៦ ក្នុង​នោះ​ក៏​មាន​កម្មវិធី បណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​ទូទៅ ជា​ពិសេស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ចំនួន ១ ៥០០ ០០០ នាក់​ផងដែរ ហើយ​បាន​ប្រកាស​បើក​វគ្គ​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ។ ចំពោះ​សិក្ខាកាម​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ២៨ ០០០ រៀល ក្នុង​មួយ​ខែ ពី​រាជរដ្ឋាភិបាល​បន្ថែម​ពី​លើ​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ រហូត​ដល់​ពួក​គេ​បញ្ចប់​វគ្គ​សិក្សា​។ ចំណែក​សិក្ខាកាម​ដែល​មិន​មាន​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​ក្រីក្រ​ទេ​នោះ ពួក​គេ​អាច​សិក្សា​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​សិក្ខាកាម​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ទេ ។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.