យោងតាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល លើកឡើងថា កម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការកាត់បន្ថយករណីជំងឺគ្រុនចាញ់ឲ្យថយចុះ នៅសលើស្ទើរតែមួយរយភាគរយ។ បើគិតចាប់តាំងពីឆ្នាំ ២០១៨ មក កម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ ដូច្នេះហើយទើបនាំឱ្យកម្ពុជា ក្លាយជាប្រទេសទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់មុនគោលដៅ ៣ ឆ្នាំ គ្រោងទុក ឆ្នាំ២០២០ ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល គឺជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។

លោកវេជ្ជបណ្ឌិត ពន្យល់ថា ជាក់ស្ដែងកាលពីឆ្នាំ២០២៣ កម្ពុជា មានជំងឺគ្រុនចាញ់តែ ១ ៣៨៤ ករណី និងមិនមានអ្នកស្លាប់ទេ ដែលទិន្នន័យនេះ បានថយចុះបើធៀបទៅនឹងឆ្នាំ២០២២ ដែលមាន ៤ ០៤១ ករណី ។ ដោយឡែកនៅដើមឆ្នាំ២០២៤ នេះ ទើបតែមានជំងឺគ្រុនចាញ់ ៩៨ ករណីប៉ុណ្ណោះ ហើយកម្ពុជា រំពឹងថានឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥។

តែបើងាកទៅស្ថានភាពជំងឺគ្រុនឈាមនៅដើមឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានឲ្យដឹកថា កើនឡើងនៅតាមបណ្ដារាជធានី ខេត្តមួយចំនួន ជាក់ស្ដែងនៅសប្ដាហ៍ទី ៦  នៃឆ្នាំនេះ មានករណីជំងឺគ្រុនឈាមចំនួន ២ ៦៣៤ ករណី ដែលចំនួននេះ បានកើនឡើងជិត ៤ ដងឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលកាលណោះមានត្រឹមតែចំនួន ៦៧២ ករណីប៉ុណ្ណោះ ហើយភូមិសាស្ត្រដែលមានករណីគ្រុនឈាមច្រើនជាងគេគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល ។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា មូលហេតុដែលនាំឱ្យមានករណីជំងឺគ្រុនឈាមកើនឡើងខ្លាំងយ៉ាងដូច្នេះ ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុ ដូចជា អាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួល ក្នុងការកកើតមូសខ្លាច្រើន ជាពិសេសឆ្នាំ២០២៤ នេះ គឺជាឆ្នាំវដ្ត នៃការផ្ទុះជំងឺគ្រុនឈាម ដែលតែងតែកើតឡើងរយៈពេល ៥ ឆ្នាំម្តង បន្ទាប់ពីកម្ពុជា បានផ្ទុះជំងឺនេះទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩ កន្លងទៅ។

សូមបញ្ជាក់ថា ជំងឺគ្រុនចាញ់ និងគ្រុនឈាមនេះ វាកើតដោយសារតែមូសខាំដូចគ្នា រួមជាមួយលក្ខខណ្ឌអាកាសធាតុស្រដៀងគ្នាដែរ។

យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតទាំអពីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យមូសខាំ ស្លៀកសម្លៀកដែលដណ្ដប់ជិតខ្លួន ទទួលទានដំណេកក្នុងទាំងយប់ទាំងថ្ងៃត្រូវមុងជ្រលក់ថ្នាំ ពោលជារួមគឺត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាម កុំឱ្យមានការរាតត្បាតទ្រង់ទ្រាយធំដូចជា ត្រូវសម្អាតបរិស្ថាននៅជុំវិញផ្ទះសម្បែង យករាល់វត្ថុទាំងឡាយណា ដែលអាចដក់ទឹកបាន ដូចជា សំបកកំប៉ុង សំបកដូង និងសំបកកង់ឡានចាស់ៗដែលបោះបង់ចោល ទៅកប់ ឬ ដុតចោល ដ្បិតវត្ថុទាំងនោះអាចបង្កឱ្យកកើតជាដង្កូវទឹក វិវត្តន៍ទៅជាមូសខ្លា ជាភ្នាក់ងារចម្លងជំងឺខាងលើបាន។ ករណីមានរោកសញ្ញា និងសង្ស័យថាកើតជំងឺគ្រុនចាញ់ ឬគ្រុនឈាមត្រូវប្រញ៉ាប់ទៅរកគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យជាបន្ទាន់។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.