បាត់ដំបង៖ ផ្លូវថ្នល់ប្របមាត់ស្ទឹងសង្កែដែលទើបជួសជុលរួចបានបាក់ស្រុតខ្លាំងធ្ងន់ធ្ងរអាជ្ញាធរ និងមន្ត្រីជំនាញបានបិទមិនឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ក្រោយបណ្តោះអាសន្ន។ អាជ្ញាធរ និងមន្ត្រីជំនាញកាលពីចុងសប្តាហ៍កន្លងមកនេះបានដាក់ស្លាកសញ្ញាហាមមិនអនុញ្ញាតិឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ទីតាំងបាក់ស្រុតឡើយជាបណ្តោះអាសន្ន ប៉ុន្តែអាចចរាចរណ៍បានត្រឹមម៉ូតូ ម៉ូតូកង់បី តែត្រូវបើកបរដោយប្រុងប្រយ័ត្ន។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា កំណាត់ដែលទើបកសាងជួសជុលនេះឋិតនៅប្របមាត់ស្ទឹងសង្កែ ត្រង់ចំណុចគល់ស្ពានវត្តគរត្រើយខាងកើត ក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋដដែលបន្តថា ដំបូងឡើយកំណាត់ផ្លូវបាក់ខាងលើបានប្រេះ និងស្រុតតិចតួចប៉ុណ្ណោះតែរំលងបានពីរទៅបីថ្ងៃក្រោយមកស្រាប់ស្រុតបាក់ខ្លាំងទៅៗរហូតស្ទើរអស់ទ្រូងផ្លូវរថយន្តធ្វើដំណើរលែងបានតែម្តង។

ចំណុចច្រាំងបាក់ស្រុតនេះខូចខាតប្រវែងផ្លូវប្រមាណជាជាង ១០០ម៉ែត្រ។ ការប៉ះពាល់អាចបណ្តាលមកពីអាជ្ញាធរបានបើកទ្វារទំនប់ទឹកសាលាតាអន ទម្លាក់ទឹកស្ទឹងចុះឲ្យកម្ពស់ទឹកនៅសល់ទាបដើម្បីសាងសង់ស្ថានីយ៍ផលិតទឹកស្អាតនៅក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ថ្មីមួយទៀត ទើបជាមូលហេតុនាំឲ្យផ្លូវថ្នល់នេះដាច់បាក់ជាថ្មីទៀត។

មកទល់ពេលនេះអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅមិនទាន់បានបញ្ជាក់នៅឡើយទេពីពេលវេលាចុះជួសជុល ទំនងដោយសារថ្ងៃអាទិត្យ ទូរស័ព្ទចុចចូលហើយមិនលើក ឬក៏អាចពន្យាពេលរហូតដល់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតស្ថាបនារួចរាល់ទើបចុះជួសជុល៕

អត្ថបទ: ដំបងក្រញូង

Share.