កណ្តាល៖ កម្លាំងនគរបាលស្រុកមុខកំពូល បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ ចំណែក៦នាក់ទៀតកំពុងរត់ពេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ មិនបានសម្រេចកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:០០នាទី ចំណុចលើផ្លូវជាតិលេខ៦ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យមានគ្នា០៨នាក់ ឃាត់ខ្លួនបាន០២នាក់ ទី១.ឈ្មោះ សៀង ម៉េងលី ហៅម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី២.ឈ្មោះ អៀង ហុងឡេង ហៅឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកបក្ខពួក៦នាក់ទៀតកំពុងរត់គេចខ្លួន។ ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ កាំបន្ទះពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ចាម 1AC-3617 ។ កាំបិតប៉័ងតោ ចំនួន០២ដើម។


តាមប្រភពព័ទត៌មានបានឱ្យដឹងថា កាលពីថ្ងៃកើតហេតុ ក្រុមជនសង្ស័យទាំង០៨នាក់ខាងលើ ជិះម៉ូតូចំនួន ០៤គ្រឿង ចេញពីផឹកស៊ីនៅផ្ទះជនគ្នីគ្នាខ្លួននៅភូមិទួលចាន់ ឃុំច្បារអំពៅ ដោយមកជួបជុំគ្នានៅរង្វង់មូលថ្នល់កែង ពេលមកដល់ជនសង្ស័យ២នាក់ បានប្រើបក្ខពួករបស់ខ្លួនឱ្យទៅយកដាវ និងកាំបិតប៉័ងតោ ដោយប្រាប់ថាទៅធ្វើសកម្មភាពកាប់ក្រុមក្មេងនៅរកាកោង ពេលនោះជនសង្ស័យម្នាក់បានទៅយកកាំបិតប៉័ងតោ ចំនួន០២ដើមពីផ្ទះរបស់ខ្លួន និងម្នាក់ទៀតទៅយកដាវ០១ដើម និងកាំបិតប៉័ងតោ ០១ដើមបន្ថៀមទៀត រួចនាំគ្នាជិះម៉ូតូឌុបគ្នាចេញទៅ លុះជិះមកដល់ចំណុចមុខខារ៉ាអូខេចំប៉ាមាស ស្ថិតនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ក្រុមជនសង្ស័យបានឈប់ម៉ូតូទិញបារី ដើម្បីរកមើលក្រុមក្មេងរកាកោង តែអត់ឃើញ ក្រុមជនសង្ស័យក៏ជិះម៉ូតូបញ្ច្រាសផ្លូវ ត្រលប់មកចាំនៅកន្លែងស្ងាត់ ទល់មុខឆៀងខាងជើងផ្ទះសំណាក់ផ្កាយមាស ដោយឈប់ម៉ូតូនៅលើផ្លូវជាតិ។

លុះដល់វេលាម៉ោង២៣:០០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម្នាក់មួយគ្រឿង ជាមួយមិត្តភក្តិម្នាក់ទៀតចេញពីផ្ទះនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម គោលបំណងទៅកន្លែងធ្វើការនៅរាជធានីភ្នំពេញ។ ពេលធ្វើដំណើរមកជិតដល់ចំណុចផ្លូវបំបែកចូលឃុំរកាកោង ក៏ជួបក្រុមជនសង្ស័យ ហើយក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាមជនរងគ្រោះ ត្រូវចំចង្កេះខាងក្រោយ តែជនរងគ្រោះអត់ដួលម៉ូតូ ក៏បន្ថែមល្បឿនម៉ូតូជិះរត់ ហើយក្រុមជនសង្ស័យ ក៏ជិះម៉ូតូដេញតាមកាប់ជនរងគ្រោះត្រូវជាច្រើនកាំបិតបន្តទៀត តែជនរងគ្រោះប្រឹងជិះម៉ូតូរត់ រហូតមកដល់ខាងត្បូងស្ពានព្រែកតាមាក់ ទល់មុខដេប៉ូប្រេងឥន្ធនៈសារីមិច ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ក៏បានដួលម៉ូតូ ហើយជនរងគ្រោះក៏ដកសោម៉ូតូរត់ចូលក្នុងដេប៉ូប្រេងឥន្ធនៈពួនលាក់ខ្លួននៅទីនោះ ហើយក្រុមជនសង្ស័យបានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះ បំរុងជិះតែជិះអត់កើត ក៏នាំគ្នាកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ និងយកផ្លាកលេខទៅបាត់។ ចំណែកមិត្តភក្តិរបស់ជនរងគ្រោះម្នាក់ទៀត បានជិះម៉ូតូរត់ទៅមុនបាត់។

ជនរងគ្រោះឈ្មោះ ស្រេង ផែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រងរបួសជាច្រើនកន្លែង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ ក៏បានរាយការណ៍មកសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី១០ខែ មីនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យបាន ឈានទៅដល់ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០២នាក់យកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកចំនួន០៦នាក់ទៀត ពិតជាបានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកមុខកំពូល។រងចាំកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.