កណ្តាល៖ បុរសម្នាក់ ត្រូវកូនប្រុសកាប់ស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពី២នាក់ឪពុកកូនផឹកស៉ីជុំគ្នាស្រវឹង បែជាកូនប្រុសចូលទៅក្នុងផ្ទះ បង្កជម្លោះវាយប្រពន្ធកូនខ្ចី ភ្លាមនោះឪពុកបានចូលទៅជួយឃាត់ ក៏បានប្រតាយប្រតប់គ្នាបន្តិចបន្ទួច ស្រាប់តែកូនប្រុសខឹងបានទាញកាំបិតកាប់ឪពុកស្លាប់នៅនឹងកន្លែង។ ហេតុការណិ៍នេះកើតឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣៥នាទី នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ សួន រត្តនៈ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល មានសារធាតុញៀននូវក្នុងទឹកនោម។ ចំណែក ជនរងគ្រោះបាត់បងជីវិតមានឈ្មោះ សួន ផល្លីង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទាហ៊ាន រស់នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាឪពុកបង្កើតរបស់ជនដៃដល់។


តាមការសួរពីបុរសម្នាក់ ដែលជាអ្នកផឹកស៉ីជាមួយជនដៃដល់ និងជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណជា១៥:៣៥នាទី ខ្លួន និងជនរងគ្រោះបានផឹកស្រា រួមគ្នាជាមួយជនសង្ស័យជាកូន នៅផ្ទះរបស់ខ្លួនអស់ស្រាថ្នាំកន្លះលីត្រ ពេលផឹកស្រាអស់ ក្រោយមកជនសង្ស័យបានជិះម៉ូតូទៅទិញស្រាបៀរគ្រុឌថែមកន្លះកេសទៀត រួចក៏បានហូបជុំគ្នា បន្ទាប់មកជនសង្ស័យជាកូនបានដើរចូលទៅក្នុងផ្ទះ បានមួយសន្ទុះក៏បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយវាយប្រពន្ធដែលទើបនឹងកូនខ្ចីចំនួន០២ដៃ ភ្លាមនោះជនរងគ្រោះជាឪពុកបានចូលឃាត់ ហើយក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក ខ្លួនបានចូលឃាត់បំបែកគ្នាមកក្រៅ ពេលនោះជនសង្ស័យបានរត់ចូលទៅក្នុងរោងបាយទៅទាញយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះជាឪពុកចំនួន០២កាំបិត ត្រូវចំកណ្តាលក្បាល ០១កាំបិត និងកញ្ចឹងក ០១កាំបិត បណ្តាលឱ្យដួលលើសាបថ្មស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលឃុំព្រៃពួច លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារជនរងគ្រោះ បានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា សពមានស្លាកស្នាម របួសស្នាមផ្នែកថ្ងាសខាងស្ដាំ ទំហំ ២ស.ម របួសទទឹងកណ្ដាលក្បាល ប្រវែង៧ស.ម និងកញ្ចឹងកខាងក្រោយផ្នែកខាងឆ្វេងប្រវែង១០ស.ម។ តាមការសន្និដ្ឋាន ជំនាញកោសល្យវិច្ឆិ័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម។ បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ កណ្តាល

Share.