បាត់ដំបង÷ បុរសអ្នកស៊ីឈ្នួលចាក់ធុងបាស់ និងកម្មករចំនួន៣នាក់ បានបាត់បង់ជីវតនៅក្នុងកម្មវិធីឡើងផ្ទះថ្មី នៅរំលងអធ្រាត្រ សង្ស័យឆក់ខ្សែភ្លើងមេបង្គោលរបស់រដ្ឋ។ បង្កការភ្ញាក់ផ្អើលនៅព្រឹកព្រលឹមថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ ឋិតនៅត្រង់ចំណុចក្រុមទី ២៦ ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១២ ខែមីនានេះថា ករណីឆក់ខ្សែភ្លើងស្លាប់មនុស្សរហូតដល់៣នាក់នេះ ជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះសត់ គឹមសឿន ភេទប្រុសអាយុ ១៨ឆ្នាំរស់នៅក្រុមទី១៩ មុខរបរសុីឈ្នួលដាក់មេក្រូ។ ទី២.ឈ្មោះឆុង សារឿន ហៅជែម ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៣ ឈ្មោះបោន សំរិត ភេទប្រុស អាយុ ១៦ឆ្នាំ ទាំង៣នាក់រស់នៅក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបងមុខរបរជាម្ចាស់ធុងបាស់ ជាមួយនឹងកម្មករ។

ប្រភពពីពលរដ្ឋ នៅក្បែរទីតាំងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះក្រោយចប់កម្មវិធីឡើងផ្ទះថ្មី នៅអំឡុងម៉ោងជាង ១២:០០នាទីរំលងអធ្រាត្រថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយជនរងគ្រោះមានសភាពស្រវឹងផង ហើយបានរៀបចំរើសម្ភារ:បម្រើការបំពងសំឡេងផ្សេងៗដល់ជិតរួចរាល់ហើយនោះ គាត់ក៏បានចូលសម្រាកអស់ទៅដោយមិនបានដឹងថាមានរឿងអ្វីទៀតបានកើតឡើងនោះទេ។ ប៉ុន្តែរហូតដល់ព្រឹកឡើងអ្នកស្រុកក៏បានប្រទះឃើញសាកសពជនគ្រោះ ជាអ្នកដាក់ធុងបាស់បានដេកស្លាប់ទាំង៣នាក់ ក៏ភ្ញាក់ផ្អើលពេញភូមិរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យផ្ទាល់។

ក្រោយសមត្ថកិច្ចចុះពិនិត្យ បានសន្និដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី ដែលមានចរន្តខ្លាំង ដោយសង្ស័យជនរងគ្រោះបានសារដែកបំពង់ទីបចងមេក្រូ មិនប្រយ័ត្នបានប៉ះទៅនឹងខ្សែភ្លើងមេរបស់រដ្ឋក៏បានឆក់ស្លាប់ទាំងអស់គ្នាភ្លាមៗតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.