ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់រូបសំណាកហ្លូងស្តេចកន គង្គលើខ្នងសេះក្នុងសតវត្សទី១៤៨៣ -១៥២៥ ធ្វើអំពីស្ពាន់សុទ្ធទម្ងន់ជិត១០តោន ហើយនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤នេះ ស្តេចយាងជិះសេះប្រដាប់ដោយធ្នូមានគ្រាប់ចំនួន៣គ្រាប់ ជិះបែរមុខទៅទិសខាងលិច ដើម្បីការពារប្រជានុរាស្ត្រនៃនគរសុវណ្ណភូមិរបស់ទ្រង់ ។ 

លោក សេង ជ័យវុទ្ធ នាយករដ្ឋបាលសាលាខេត្តបានឲ្យដឹងថា ការសាងសង់រូបសំណាករូបហ្លួងស្តេចកនគង្គលើសេះនេះ គឺធ្វើអំពីស្ពាន់សុទ្ធតែម្តង មានទម្ងន់ជិត១០តោនឯណោះ។ លោកប្រថាប់លើខ្នងសេះបែរព្រះភ័ក្ត្រទៅទិសខាងលិច ក្នុងយុទ្ធសាស្ត្រស្ទាត់ជំនាញខាងប្រើធ្នូ បញ្ជាគ្រាប់ព្រួញបំផ្លាញសត្រូវ ។ បើគិតពីកម្ពស់សេះផ្នែកជើងក្រោយ ដល់គ្រាប់ព្រួញមានកម្ពស់ជាង៨ម៉ែត្រ បើគិតប្រវែងសេះពីកន្ទុយរហូតក្បាលមានប្រវែងជិត១២ម៉ែត្រ ។ រូបសំណាកស្តេចគង្គលើខ្នងសេះស្ថិតលើរង្វង់មូលផ្លូវជាតិលេខ៧ និងផ្លូវបត់ចូលខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅរបស់យើងតែម្តង ។ 

លោកនាយករដ្ឋបាលបានឲ្យដឹងបន្ថែមទៀតថា ការសាងសង់យើងប្រើរយៈពេល៤ខែ គឺធ្វើឲ្យរូចក្នុងដើមខែមេសាខាងមុខនេះ គឺបញ្ចប់មុនពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ។ រូបសំណាកធ្វើឡើងក្រោមការផ្តួចផ្តើមពី ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំរបស់យើង គឺទុកជាប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេសបានដឹង នឹងអភិរក្សបន្តដល់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ ។ ចំពោះថវិកាសាងសង់ គឺរដ្ឋបាលខេត្តជាអ្នកចេញ ៕

អត្ថបទ៖ សាន​វីឡែម

Share.