ភ្នំពេញ÷ផ្ទះប្រជាពលរដ្ឋពីរខ្នងត្រូវបានអគ្គិភ័យលៀបត្របាក់ អស់ទាំងស្រុងសល់តែផេះផង់ ទាំងកណ្ដាលរាត្រីនៅតាមបណ្ដោយផ្លូវរទេះភ្លើងក្នុងខណ្ឌសែនសុខ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១:២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវរទេះភ្លើង ក្នុងទឹកដីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនកើតហេតុខ្លួនបានសម្រាកក្នុង្ទះដូចសពមួយដង ស្រាប់តែនៅម៉ោងកើតហេតុក៏មានអណ្ដាតភ្លើងឆាបឆេះផ្ទះឡើង បង្ករការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង ក៏រាយការណ៍ជូនសមត្ថកិច្ចចុះមកអន្ដរាគមន៍ភ្លាមៗ។

ក្រោយពីទទួលដំណឹងពីប្រជាពលថាមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គិភ័យភ្លាមៗ ដោយចេញពីគ្រប់គោលដៅ។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ដ ទើបគ្រប់គ្រងស្ថានការណ៍បាន។ សមត្ថកិច្ចបានប្រាប់ជាជំហានបឋមថា អគ្គិភ័យនេះឆាប ឆេះលៀបត្របាក់អស់ផ្ទះពីរខ្នង ប្រភេទឈើប្រក់សង្កសី ក្នុងហេតុការណ៍នេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដ៕

អត្ថបទ៖ ត្រយងតូច

Share.