កីឡាករគុនខ្មែរ ឈឿង ល្វៃ ក្លាយជាម្ចាស់ខ្សែក្រវាត់ 1 World Boxing Championនៅលើទឹកដីហុងកុង ក្រោយយកឈ្នះលើកីឡាករ ថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានយកឈ្នះលើកីឡាករ អាល្លឺម៉ង់ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១២​ ខែ​មីនា ឆ្នាំ២០២៤ កន្លងទៅ។

អ្នកលេងគុនខ្មែរ ឈឿង ល្វៃ ធ្វើឱ្យប្រជាជន និងពិសេសអ្នកសេ្នហាវិស័យកីឡាប្រដាល់គុនខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សម្ដែងការអបអរសាទរយ៉ាងផុសផុលលើបណ្ដាញសង្គម ក្រោយរូបនេះគេនាំយកជ័យជម្នះជូនខ្លួនឯង និងប្រទេសជាតិ។

មុនទទួលបានខ្សែក្រវាត់កម្រឹតអន្តជាតិ 1 World Boxing Champion កីឡាករគុនខ្មែរ ឈឿន ល្វៃ បានវាយកីឡាករថៃ ហ្វាសាំង ឱ្យសន្លប់នៅទឹកទីមួយ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បន្ទាប់ពីបានយកឈ្នះលើកីឡាករថៃ រូបនោះ កីឡាករ ឈឿន ល្វៃ បានបន្តយកឈ្នះលើកីឡាករ Elysee Kochiese (អាលីសេ ឃូស៊ី) របស់អាល្លឺម៉ង់ ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រវគ្គផ្ដាច់ព្រ័ត្រ គ្រងខ្សែក្រវាត់ពិភពលោក 1 World Boxing Champion នៅលើទឹកដីហុងកុង។

ក្រោយទទួលបានជ័យជម្នះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានឧបត្ថម្ភថវិការដល់កីឡាករ ឈឿង ល្វៃ ចំនួន២០លានរៀលថែមទៀតផង។

សូមជម្រាបថា នេះ​ជា​ព្រឹត្តិការណ៍​ធំមួយដែលបានរៀបចំនៅទឹកដីហុងកុង ប្រទេសចិន ​​ដែល​មាន​ការ​ប្រកួត​រហូត​ដល់​ទៅ​១០​គូ​ ក្នុង​នោះ​មាន​ការ​ប្រកួត​ខ្សែ​ក្រវាត់​ជា​ច្រើន​ដូច​ជា ខ្សែ​ក្រវាត់ World Super-4 Championship, Global Championship, Supreme Championship, គូនារី Intercontinental Championship​​, Pacific Championship, Super Fight Championship, Asian Championship, Super Fight Championship ទាំង​បុរស និង​នារី។

ដោយឡែកសម្រាប់កីឡាករ​ កីឡាការិនី​មក​ពី​ប្រទេស​ផ្សេង​គ្នា​ជា​ច្រើនដូច​ជា ចិន អាល្លឺម៉ង់ ថៃ លីប៊ី ហ្វីលីពីន ជប៉ុន និង​ថៃ​។

គួររំលឹកថា កីឡាករ ឈឿន ល្វៃ ដែលបានធ្វើដំណើរចាកចេញពីមាតុប្រទេស ឆ្ពោះទៅកាន់ទីក្រុងហុងកុង កាលពីថ្ងៃទី ១០ ខែមីនានោះ ហើយត្រូវបានសម្រកទម្ងន់មកសល់ត្រឹម ៧២ គីឡូក្រាម  ដើម្បីចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកមួយនេះ។

Share.