បន្ទាយមានជ័យ៖ ទំនិញជិត១តោនត្រូវដុតកំទិចចោលដែលគ្មានច្បាប់ និងខូចគុណភាពដែលឈ្មួញនាំចូលតាមច្រកតំបន់បឹងត្រកួនដែលត្រូវបានដុតចោលនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នៅទីលានស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


លោកវរសេនីយ៍ទោ ម៉ី បូរ៉ាន់ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នៅចំណុចផ្លូវជាតិលេខ៥៦ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ត្រីក.ប.ប សាខាខេត្ត និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានឃាត់រថយន្ត១គ្រឿងម៉ាក់កាំម៉ារីសេរីចាស់ដែលពាក់ផ្លាកលេខក្រុងប៉ៃលិន2A.0213និងអ្នកបើកបរឈ្មោះ ម៉ៅ ម៉េត ភេទប្រុសអាយុ៥៣ឆ្នាំឆែកឆេររកឃើញទំនិញខូចគុណភាពទម្ងន់៧៨៣គីឡូក្រាមមាន១.ប្រហិតចម្រុះទម្ងន់៦២៦គីឡូក្រាម ២.សាច់មាន់និងចុងស្លាបមាន់ទម្ងន់១២៨គីឡូក្រាម ៣.សាច់ជ្រូកចង្កាក់ទម្ងន់២៩គីឡូក្រាម។


លោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបញ្ជាក់ថា៖ ក្រោយកម្លាំងចម្រុះឃាត់រថយន្ត១គ្រឿងដឹកទំនិញគ្មានច្បាប់និងខូចគុណភាពជិត១តោនត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យនិងអ្នកបើកបរសារភាពថាទំនិញនេះនាំចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកបម្រុងនាំចេញទៅខេត្តសៀមរាប ក្រោយសារសួរហើយទំនិញខូចគុណភាពត្រូវបានដុតកំទិចចោលអ្នកបើកបរអនុវត្តបន្តតាមច្បាប់។


លោក លន់ ស៊ីថា មន្ត្រីក.ប.ប សាខាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ទំនិញដែលដុតចោលជិត១តោននេះជាទំនិញគ្មានច្បាប់ដឹកខុសលក្ខណៈបច្ចេកទេសបណ្តាលខូចគុណភាពដូចជាប្រហិតចម្រុះ សាច់មាន់និងចុងស្លាបមាន់ និងសាច់ជ្រូកចង្កាក់ បើយកទៅលក់អាចអ្នកទិញទៅបរិភោគប្រឈមប៉ៈពាល់សុខភាពបើរកស៊ីត្រូវដឹកមានច្បាប់និងមានលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវមិនប៉ៈពាល់សុខភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ប៉ោយប៉ែត

Share.