ថ្លែងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៨ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាកំពុងពិចារណាប្រើប្រាស់ Video Assistant Referees (VAR) វីដេអូជំនួយអាជ្ញាកណ្ដាល នៅលីគកំពូលកម្ពុជា Cambodian Premier League និងពានរង្វាន់នាៗ។

មូលហេតុសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិចារណាប្រើប្រាស់ Video Assistant Referees (VAR) វីដេអូជំនួយអាជ្ញាកណ្ដាល គឺដោយសារការកាត់ក្តីរបស់លោកអាជ្ញាកណ្តាល នៅលីគកំពូលកម្ពុជា និងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤នេះ តែងតែមានបញ្ហាពីមួយប្រកួតទៅមួយប្រកួត ធ្វើឲ្យថ្នាក់ដឹកនាំក្លិបនីមួយៗ កីឡាករ និងអ្នកគាំទ្រ មិនសប្បាយចិត្ត។

បញ្ហាខាងលើបានធ្វើឲ្យក្លិប​បាល់ទាត់​វិសាខា ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គ្រប់​ពានរង្វាន់​ដែល​ខ្លួន​នៅ​សេសសល់ ក្នុង​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ ពោល​គឺ​គ្រប់​ពានរង្វាន់​ដែល​រៀបចំ​ឡើង​ដោយ​​ក្រុម​ហ៊ុន Cambodian Premier League (លីគ​ទី១ និង​លីគ​ទី២) និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

ប៉ុន្តែក្រោយចប់សន្និសីទសារព័ត៌មាន ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាក្លិបបាល់ទាត់វិសាខា ថាកំពុងពិនិត្យរឿងចូលលេងវិញនៅរដូវកាលនេះ ពោលគឺអ្វីៗគ្រប់យ៉ាងគឺរង់ចាំការដោះស្រាយពីភាគីពាក់ព័ន្ធសិន និងឆ្លើយតប​ពី​​​ករណី​ដែល​ក្លិបស្នើសុំ ប៉ុន្តែនៅរដូវកាលក្រោយ ២០២៤-២៥ ក្លិបសុំពិចារណាសិន៕

Share.